9mm bet

27 C
Phnom Penh

បទវិភាគ៖ ប្រទេស​ដែល​ធ្លាក់​ក្នុង​ការ​ដឹកនាំ​ផ្ដាច់ការ​ជា​ប្រភព​នៃ​ការ​បង្កើត​ប្រព័ន្ធ​បោះឆ្នោត​ក្លែងក្លាយ និង​បំបាត់​សំឡេង​គូប្រកួត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​លើ​ពិភពលោក​នេះ ប្រទេស​មួយ​ចំនួន​ដែល​ប្រកាន់​របប​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស បាន​កំពុង​រអិល​ធ្លាក់​នៅ​ក្នុង​ការ​ដឹកនាំ​ផ្ដាច់ការ។ របប​ផ្ដាច់ការ​ជា​ប្រព័ន្ធ​ដឹកនាំ​មួយ​ដែល​មេដឹកនាំ​កំពុង​កាន់​អំណាច ប្រើ​តុលាការ កងទ័ព កង​សន្តិសុខ ជាពិសេស​ស្ថាប័ន​បោះឆ្នោត​ថ្នាក់​ជាតិ​ជា​ឧបករណ៍​ប្រថាប់ត្រា​នៃ​ការ​តោង​អំណាច​របស់​ខ្លួន។ យ៉ាងណា លើកលែង​ប្រទេស​ប្រកាន់​របប​កុម្មុយនីស្ត​ប៉ុណ្ណោះ​ដែល​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នោះ​មិន​បាន​ចែង​ពី​សេរីភាព​របស់​ប្រជាជន​ជា​ម្ចាស់​ឆ្នោត ក្នុង​ការ​ប្រើ​សិទ្ធិ​នោះ​ទេ។ ប្រទេស​នេះ​ពុំ​មាន​បក្ស​ប្រឆាំង​ឡើយ។ ជា​ប្រទេស​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​ប៉ុណ្ណោះ គឺ​បក្ស​កុម្មុយនីស្ត​របស់​ពួកគេ។ នៅ​ដើម​ឆ្នាំ​២០២៤ នេះ ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ តែ​ផ្ដាច់ការ គឺ​យ៉ាងតិច​ពីរ​ប្រទេស​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ការ​បោះឆ្នោត ដែល​បក្ស​កាន់​អំណាច​ប្រើ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​គូប្រកួត​ជា​មេដឹកនាំ​បក្ស​ប្រឆាំង ឬ​ត្រូវ​គំរាម​អ្នក​នយោបាយ​នោះ​ឱ្យ​រត់​ចេញពី​ប្រទេស។ ប្រទេស​ដែល​លេចធ្លោ​ជាងគេ​ក្នុង​ការ​វាយ​កម្ទេច​គូប្រជែង​មិន​ឱ្យ​ឡើង​សង្វៀន​ប្រកួត គេ​សង្កេត​ឃើញ​ប្រទេស​បង់ក្លាដេស ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​ខាងត្បូង និង​សហព័ន្ធ​រុស្ស៊ី ដែល​កំពុង​ដឹកនាំ​ដោយ​បុរស​ខ្លាំង​បំផុត គឺ​លោក វ្លាឌីមៀ ពូទីន ដែល​បញ្ជា​ទ័ព​ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ជា​ប្រទេស​មាន​ព្រំដែន​រួម​គ្នា។ ក្នុង​បទវិភាគ​របស់ The Cambodia Daily សម្រាប់​កម្មវិធី​ព័ត៌មាន​ថ្ងៃ​នេះ យើង​លើក​យក​ប្រទេស​ពីរ​នេះ​មក​ធ្វើ​បច្ចុប្បន្នភាព ដែល​ប្រទេស​ពីរ​នេះ​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ការ​បោះឆ្នោត​ដ៏​អាក្រក់​បំផុត។ ប្រទេស​បង់ក្លាដេស បើ​ទោះជា​កំពុង​ដឹកនាំ​ដោយ​ស្ត្រី​ម្នាក់​ក៏ដោយ គឺ​អ្នកស្រី Sheikh Hasina ក៏​ប្រទេស​នេះ​កំពុងតែ​ធ្លាក់​ក្នុង​ប្រព័ន្ធ​ដឹកនាំ​បែប​ផ្ដាច់ការ។ ស្ត្រី​អ្នក​នយោបាយ​ជើងចាស់​ដែល​កាន់​អំណាច​ច្រើន​អាណត្តិ​មក​នេះ ទីបំផុត​ចាប់​យក​ការ​ដឹកនាំ​ផ្ដាច់ការ​ហើយ ប្រមូល​អំណាច​នៅ​ជុំវិញ​ខ្លួន​ទាំងអស់ ទោះ​ស្ថាប័ន​កងទ័ព កង​សន្តិសុខ និង​តុលាការ​ក៏ដោយ​នោះ។ តែ​យ៉ាងហោចណាស់ គេ​ដឹង​ថា ស្ថាប័ន​បោះឆ្នោត​របស់​ប្រទេស​នេះ​មាន​ភាព​ខ្លាំង​បន្តិច បើ​ធៀប​នឹង​ប្រទេស​រុស្ស៊ី។ សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះផ្សាយ​ថា ប្រទេស​នេះ​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា ហើយ​តែងតាំង​នាយករដ្ឋមន្ត្រី ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ កងទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​បង់ក្លាដេស ចំពោះ​មុខ​ភាព​ភ័យខ្លាច​អំពី​ការ​ផ្ទុះ​អំពើ​ហិង្សា។ គណបក្ស BNP ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​ក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ បាន​ប្រកាស​មិន​ចូលរួម​ការ​បោះឆ្នោត​នេះ​ឡើយ ព្រោះ​ថា​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អ្នកស្រី Sheikh Hasina បាន​ប្រកាន់​ជំហរ​យ៉ាង​រឹងមាំ​មិន​ទទួលយក​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង ដែល​ឱ្យ​អ្នកស្រី​លាលែង​ពី​តំណែង រួច​ផ្ទេរ​អំណាច​ឱ្យ​រដ្ឋាភិបាល​អព្យាក្រឹត​មួយ ដើម្បី​ត្រួតពិនិត្យ និង​គ្រប់គ្រង​ដំណើរការ​បោះឆ្នោត ខណៈ​បក្ស​ប្រឆាំង​នេះ​ចោទ​ស្ថាប័ន​បោះឆ្នោត​ថា​ជា​ឧបករណ៍​នយោបាយ​របស់​អ្នកស្រី Hasina។ អ្នកស្រី Hasina បាន​ទម្លាក់​កំហុស​លើ​គណបក្ស BNP ថា​ជា​អ្នក​ដុត​បញ្ឆេះ​ឱ្យ​មាន​ចលនា​បាតុកម្ម​ហិង្សា​ប្រឆាំង​រដ្ឋាភិបាល ដែល​បាន​ធ្វើ​ឱ្យ​កក្រើក​រដ្ឋធានី​ដាកា កាលពី​ក្នុង​ខែ​តុលា ឆ្នាំ​២០២៣ ហើយ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងហោច ១០​នាក់​បាត់បង់​ជីវិត។ ដោយ​បារម្ភ​ពី​ការ​ផ្ទុះ​អំពើ​ហិង្សា​សាជាថ្មី​ព្រោះ​តែ​បក្ស​ប្រឆាំង BNP សម្រេច​ធ្វើ​ពហិការ អ្នកស្រី Sheikh Hasina បញ្ជា​ឱ្យ​កងទ័ព កង​សន្តិសុខ ចេញ​ល្បាត និង​ចាប់​ខ្លួន​ជន​ណា​ដែល​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម​ដើម្បី​ប្រឆាំង​ការ​បោះឆ្នោត។ អ្នកស្រី Hasina ដែល​បាន​កាន់​អំណាច​តាំងពី​ឆ្នាំ​២០០៩ មក ត្រូវ​បាន​ចោទ​ថា អនុវត្ត​របប​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ រំលោភ​សិទ្ធិមនុស្ស បំបិទ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​ប្រឆាំង និង​ចាប់​អ្នក​រិះគន់​ដាក់​ពន្ធនាគារ។ គូប្រជែង​ដ៏​ធំ​របស់​អ្នកស្រី និង​ធ្លាប់​ជា​នាយករដ្ឋមន្ត្រី​បង់ក្លាដេស ពីរ​លើក គឺ​មេដឹកនាំ​គណបក្ស BNP អ្នកស្រី Khaleda Zia កំពុងតែ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ក្រោម​បទ​ចោទប្រកាន់​អំពើពុករលួយ ខណៈ​កូនប្រុស​អ្នកស្រី គឺ​លោក Tarique Rahman ដែល​ជា​ប្រធាន​ស្តីទី​របស់​បក្ស BNP កំពុង​រស់នៅ​និរទេស​ខ្លួន​ដោយ​រង​ការ​ចោទ ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន។ នេះ​ជា​សំណុំរឿង​ដ៏​អាស្រូវ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ។ ចំពោះ​សហព័ន្ធ​រុស្ស៊ី វិញ មេ​បក្ស​ប្រឆាំង​ដ៏​ល្បី​បំផុត​ត្រូវ​បាន​ចាប់​ដាក់​គុក គឺ​លោក Alexey Navalny ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង​ដទៃ​ទៀត រង​ការ​គំរាមកំហែង ហើយ​បង្ខំ​រត់​ចោល​ប្រទេស។ ជាមួយ​គ្នា​នេះ សូម្បីតែ​អ្នក​នយោបាយ​ថ្មីថ្មោង​ដែល​ហ៊ាន​ឈរឈ្មោះ​បេក្ខជន​ប្រធានាធិបតី ប្រកួត​ជាមួយ​លោក ពូទីន ក៏​ត្រូវ​បាន​ស្ថាប័ន​បោះឆ្នោត​របស់​ប្រទេស​នេះ​ឃារឃាំង​មិន​ឱ្យ​ចុះឈ្មោះ​ប្រកួតប្រជែង​ឡើយ។ យ៉ាងតិច​អ្នក​នយោបាយ​ស្រី ២​រូប​ដែល​បាន​ដាក់​ពាក្យ​សុំ​ឈរឈ្មោះ​បោះឆ្នោត ត្រូវ​បាន​ស្ថាប័ន​នេះ​មិន​ផ្ដល់​សិទ្ធិ​ឡើយ។ ស្ត្រី​ទាំង​ពីរ​រូប​នោះ​មាន​ឈ្មោះ Ksenia Fadeyeva និង Yekaterina Duntsova សុទ្ធសឹងតែ​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ទើប​បង្កើត​ថ្មី។ អ្នកស្រី Fadeyeva ត្រូវ​បាន​ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​ថា បង្កើត​អង្គការ​ភេរវកម្ម។ អ្នក Fadeyeva គឺជា​មេធាវី និង​ធ្លាប់​ជា​សមាជិក​សភា។ ចំណែក Duntsova ដែល​ជា​អតីត​អ្នកកាសែត​ជើងចាស់​ដ៏​ល្បី ត្រូវ​បាន​ស្ថាប័ន​បោះឆ្នោត​របស់​ប្រទេស​នេះ​ឃារឃាំង​ការ​ឈរឈ្មោះ​បេក្ខជន​ប្រធានាធិបតី ដែល​ចោទ​ថា អ្នកស្រី​បន្លំ​ហត្ថលេខា​អ្នកគាំទ្រ​ក្នុង​ការ​កៀងគរ​អ្នកគាំទ្រ​អ្នកស្រី ដែល​តម្រូវ​តាម​ច្បាប់​បោះឆ្នោត​របស់​ប្រទេស​នេះ។ បរិបទ​នយោបាយ​ទៅ​រក​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ប្រទេស​រុស្ស៊ី នៅ​ពេលនេះ កំពុង​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​ដែក​ទាំងស្រុង​របស់​លោក ពូទីន ដែល​បុរស​រូប​នេះ​ប្រើប្រាស់​អំណាច​ក្រោម​ហេតុផល​បង្ក្រាប​អ្នក​រិះគន់ ដែល​រិះគន់​លោក​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ហើយ​ចាត់ទុក​ថា​ជា​អំពើ​ក្បត់​ជាតិ។ ប៉ុន្តែ​ការ​ស្វែងរក​អាណត្តិ​ថ្មី​របស់​លោក ពូទីន ៦​ឆ្នាំ​ទៅ​មុខ​ទៀត​នេះ ក៏​កើតឡើង​ទន្ទឹម​នឹង​បុរស​ខ្លាំង​រូប​នេះ​ធ្លាក់​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ព្រោះតែ​លើក​ទ័ព​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន ហើយ​មិន​អាច​ផ្ដួល​រំលំ​រដ្ឋាភិបាល​អ៊ុយក្រែន បច្ចុប្បន្ន​នេះ​បាន​ទៅ​តាម​ផែនការ​ដែល​លោក​បាន​ប្រាប់​អ្នក​នយោបាយ​នៅ​វិមាន​ក្រឹមឡាំង ថា​យ៉ាង​យូរ ១០​ថ្ងៃ ទ័ព​រុស្ស៊ី​នឹង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ្សេឡេនស្គី បាន​ហើយ។ តែ​ទីបំផុត មក​ដល់​ពេលនេះ សង្គ្រាម​ចូល​ដល់​ខែ​ទី​២២ ហើយ គឺ​ទ័ព​រុស្ស៊ី មិន​អាច​វាយ​យក​បាន​ទីតាំង​ណា​មួយ​ឈរជើង​រឹងមាំ​ពី​កងទ័ព​អ៊ុយក្រែន បាន​នោះ​ទេ គឺ​មាន​តែ​ការ​ប្រយុទ្ធ​គ្នា​នឹង​ការ​វាយបក​របស់​កងទ័ព​អ៊ុយក្រែន វាយ​ពង្រីក​ទឹកដី​របស់​ខ្លួន​តែប៉ុណ្ណោះ។ តាម​ការ​ស្ទង់មតិ​របស់​មជ្ឈមណ្ឌល Levada ក្រុង​មូស្គូ លោក ពូទីន នៅ​សល់​អ្នកគាំទ្រ​ដែល​គិត​ថា​រុស្ស៊ី អាច​ឈ្នះ​សង្គ្រាម​អ៊ុយក្រែន មាន​តែ ១២% ប៉ុណ្ណោះ ហើយ​ជាង ៨០​ភាគរយ ពួកគេ​ឆ្លើយ​ថា​របប​លោក ពូទីន និង​កងទ័ព​រុស្ស៊ី ពុំ​មាន​ឱកាស​ឈ្នះ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ឡើយ។ នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​ចូល​មក​ដល់ លោក ពូទីន សន្យា​ថា ឆ្នាំ​២០២៤ នេះ កងទ័ព​រុស្ស៊ី អាច​នឹង​វាយ​ឈ្នះ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ប៉ុន្តែ​ក្រុម​ប្រឆាំង​បាន​ហៅ​ការ​លើកឡើង​របស់​លោក ពូទីន ថា​ជា​អំនួត គ្មាន​យុទ្ធសាស្ត្រ ហើយ​គ្រាន់តែ​ដើម្បី​លួង​ចិត្ត​អ្នក​ងប់ងុល​នឹង​សង្គ្រាម​តែប៉ុណ្ណោះ។ ឥឡូវ​នេះ ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ខែ​មីនា ខាងមុខ​នេះ បេក្ខជន​មាន​តែ​លោក ពូទីន ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​ស្ថាប័ន​បោះឆ្នោត​របស់​ប្រទេស​នេះ​ចាំ​តែ​ប្រថាប់ត្រា​ឱ្យ​បុរស​ខ្លាំង​រូប​នេះ​កាន់​អំណាច ៦​ឆ្នាំ​ទៅ​មុខ​ទៀត។ នៅ​ប្រទេស​ខ្លះ​ទៀត គឺ​បក្ស​កាន់​អំណាច និង​មេដឹកនាំ​ផ្ដាច់ការ អនុវត្ត​បាន​ជោគជ័យ​ទៅ​ហើយ​ក្នុង​ការ​ផ្ដួល​គូប្រកួត​មិន​ឱ្យ​មាន​សិទ្ធិ​បោះឆ្នោត ក្នុង​នោះ​មាន​រាជាណាចក្រ​កម្ពុជា​មួយ​ដែរ។ ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ ផ្ដួល​គូប្រកួត​មុន​ការ​បោះឆ្នោត ហើយ​រុះរើ​រដ្ឋធម្មនុញ្ញ​លើក​កូន​របស់​ខ្លួន​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស