9mm bet

28 C
Phnom Penh

អាជ្ញាធរ​បិទ​សំណុំ​រឿង​ឃាតកម្ម​សម្លាប់​លោក ឈុត វុទ្ធី ដោយសារតែ​ឃាតករ​ជាប់​ពាក់ព័ន្ធ​នឹង​ត្រកូល​ហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ៖ ខៀវ សុភា

ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៤ នេះ​គឺជា​ខួប ១២​ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​លោក ឈុត វុទ្ធី ដែល​ជា​វីរជន​ការពារ​ព្រៃឈើ​ដ៏​លេចធ្លោ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ចំណុច​វាលបី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីម៉ា ខេត្ត​កោះកុង នៅ​ពេល​ដែល​លោក​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល។ ប៉ុន្តែ ១២​ឆ្នាំ​កន្លង​ទៅ​នេះ យុត្តិធម៌​សម្រាប់​រូបលោក និង​ក្រុម​គ្រួសារ​របស់​លោក ហាក់​នៅ​ឆ្ងាយ​ដូច​ជើងមេឃ ដោយសារតែ​សំណុំរឿង​នេះ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​កាប់​ឈើ​ដ៏​ល្បី​ឈ្មោះ Timber Green ដែល​មាន​អ្នកស្រី ខៀវ ស ស៊ីលៀប និង​លោកស្រី ហ៊ុន ម៉ាណា ដែល​ជា​កូនស្រី​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ជា​ម្ចាស់​ភាគហ៊ុន​ធំ។
លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ
ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៤ នេះ គឺ​មាន​រយៈពេល ១២​ឆ្នាំ​គត់​ដែល​យុត្តិធម៌​សម្រាប់​គ្រួសារ​របស់​លោក ឈុត វុទ្ធី វីរជន​ការពារ​ព្រៃឈើ​ដ៏​លេចធ្លោ​នៅ​កម្ពុជា​មួយ​រូប​នៅតែ​គ្មាន​ពន្លឺ។ លោក ឈុត វុទ្ធី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​កណ្តាល​ព្រៃ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល ក្នុង​បុព្វហេតុ​ដែល​លោក​បាន​នាំ​ស្ត្រី​អ្នកកាសែត​ពីរ​រូប​ធ្វើ​ដំណើរ​តាម​រថយន្ត ទៅ​ពិនិត្យ និង​ស៊ើបអង្កេត​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​របស់​ក្រុមហ៊ុន Timber Green នៅ​តំបន់​មួយ​នៃ​ជួរ​ភ្នំក្រវាញ​ក្នុង​ខេត្ត​កោះកុង។ រហូត​ដល់​មក​ដល់​ពេលនេះ សំណុំរឿង​ដ៏​ចាក់ស្រេះ​នេះ​បាន​បន្សល់​ទុក​នូវ​តែ​ភាព​អយុត្តិធម៌​សម្រាប់​គ្រួសារ​ជនរងគ្រោះ​ប៉ុណ្ណោះ ដោយសារតែ​ម្ចាស់​ក្រុមហ៊ុន​នេះ​សុទ្ធសឹងតែ​ជា​មនុស្ស​គ្រាក់ៗ​នៅ​ក្នុង​ត្រកូល​ហ៊ុន ដូចជា​កូនស្រី​ទាំង​ពីរ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា អ្នកស្រី ហ៊ុន ម៉ាលី និង​មាន​អ្នក​មាន​អំណាច​ជាច្រើន​នាក់​ផ្សេង​ទៀត ទើប​ធ្វើ​ឲ្យ​អាជ្ញាធរ​ខ្លាច​ញញើត​មិន​ហ៊ាន​ធ្វើការ​ស៊ើបអង្កេត ដោយ​គ្រាន់តែ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​បំពេញ​កិច្ច រួច​ក៏​បិទ​សំណុំរឿង​នេះ​ចោល​លែង​ចាត់ការ​តែម្តង។ កូនប្រុស​របស់​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្ដមរស្មី ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​មក​ថា លោក​សង្ស័យ​ថា​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អាច​ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ឪពុក​របស់​លោក។ លោក​ថា លោក​មិន​មាន​ជំនឿ​ចិត្ត​ទៅ​លើ​រដ្ឋាភិបាល​សព្វថ្ងៃ​នោះ​ទេ ព្រោះ​មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ឃាតកម្ម​នេះ។ ប្រភព​ដដែល​អះអាង​ថា អ្នក​ដែល​ដឹង​រឿង​នេះ​ជា​មិត្ត​ចាស់​របស់​ឪពុក​លោក ហើយ​សព្វថ្ងៃ​ជា​មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ តែ​មិន​អាច​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ​បាន​ឡើយ។
ព្រះសង្ឃ និង​យុវជន​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​យុត្តិធម៌ ក្នុង​ខួប​១២​ឆ្នាំ​នៃ​ការ​ស្វែងរក​យុត្តិធម៌​ជូន​លោក ឈុត វុទ្ធី កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែ​មេសា ឆ្នាំ​២០២៤។ (រូបថត៖ វីអូអេ)
លោក ឆឺយ ឧត្តមរស្មី បាន​លើកឡើង​ថា ទាំង​ក្រុម​គ្រួសារ​របស់​លោក ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​តែ​មិន​ជឿ​ទៅ​លើ​របាយការណ៍​ស៊ើបអង្កេត​របស់​គណៈកម្មការ​ស៊ើបអង្កេត ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​នោះ​ទេ។ លោក​មាន​ការ​សង្ស័យ​តាំងពី​ដំបូង​មក​ម្ល៉េះ ដោយសារ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឆ្លើយ​ច្របូកច្របល់​លើ​ហេតុការណ៍​បាញ់​សម្លាប់​ដ៏​ចម្រូងចម្រាស​នេះ។ លោក​បន្ត​ថា ឪពុក​របស់​លោក និង​ឈ្មោះ អ៊ិន រតនា (ដែល​រង​ការ​ចោទ​ថា​ជា​អ្នក​បាញ់​លោក ឈុត វុទ្ធី) បាន​ស្គាល់ និង​រាប់អាន​គ្នា​យ៉ាង​ច្បាស់។ ឪពុក​របស់​លោក​បាន​បង្រៀន​លោក អ៊ិន រតនា ពី​ច្បាប់​យោធា និង​ពី​ការ​ប្រើប្រាស់​អាវុធ​យោធា​មួយ​ចំនួន។ ដូច្នេះ លោក​មិន​ជឿ​ថា​លោក អ៊ិន រតនា លើក​កាំភ្លើង​បាញ់​គ្រូ​របស់​ខ្លួន​នោះ​ទេ។ លោក ឆឺយ ឧត្តមរស្មី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៤ ថា ១២​ឆ្នាំ​ហើយ​ដែល​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ល្បីល្បាញ គឺ​លោក ឈុត វុទ្ធី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ គ្រា​ដែល​លោក ឈុត វុទ្ធី រួម​ទាំង​អ្នក​យក​ព័ត៌មាន​ពីរ​រូប​នៃ​កាសែត The Cambodia Daily ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ។ លោក​ថា យុត្តិធម៌​ត្រូវតែ​មាន​សម្រាប់​លោក ឈុត វុទ្ធី។ ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌ បន្ត​ជំរុញ​ទៅ​ស្ថាប័ន​អយ្យការ ឲ្យ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដើម្បី​ស្វែងរក​អ្នក​ផ្តើម​គំនិត និង​អ្នក​ពាក់ព័ន្ធ ឲ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ផ្លូវច្បាប់។ យុវជន​រូប​នោះ​លើកឡើង​ថា លោក ឈុត វុទ្ធី ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​រយៈពេល ១២​ឆ្នាំ​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​ផ្តើម​គំនិត និង​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​ឃាតកម្ម​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មក​ដាក់​ទោស​នោះ​ឡើយ។ អតីត​នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​បង្ហោះ​សារ​ខ្លី​មួយ​លើ​គណនី​ហ្វេសប៊ុក​ជុំវិញ​ខួប ១១​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី កន្លង​មក ដោយ​សរសេរ​ថា «១១​ឆ្នាំ​ក្រោយ​មក យុត្តិធម៌ និង​ការពិត​មិន​ទាន់​ត្រូវ​បាន​លាតត្រដាង»។ អ្នកស្រី​ចងចាំ​វីរភាព​របស់​លោក ឈុត វុទ្ធី និង​សូម​ឧទ្ទិស​បុណ្យ​កុសល​ទាំងឡាយ​ជូន​ដល់​លោក​ជា​ដរាប។
លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា នៅ​ឆ្នាំ​២០១៤ បាន​ថ្លែង​ក្នុង​ពិធី​គំនិត​ផ្ដួចផ្ដើម​ជា​សកល​របស់​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Bill Clinton នៅ​ទីក្រុង​ញូវយ៉ក បាន​ថ្លែង​កោត​សរសើរ​ចំពោះ​សកម្មជន​នៅ​កម្ពុជា ដែល​ការពារ​បរិស្ថាន គឺ​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​សរសេរ​ថា លោក ឈុត វុទ្ធី ដែល​ជា​កុលបុត្រ និង​សកម្មជន​បរិស្ថាន​ខ្មែរ​ដ៏​ឆ្នើម​ម្នាក់ ប៉ុន្តែ​យុត្តិធម៌​សម្រាប់​រូបលោក និង​ក្រុម​គ្រួសារ​របស់​លោក ហាក់​នៅ​ឆ្ងាយ​ដូច​ជើងមេឃ។ លោក ឈុត វុទ្ធី បាន​បន្សល់​ស្នាដៃ​ជាច្រើន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា ព្រម​ទាំង​ការ​អប់រំ​ដល់​សហគមន៍​ឲ្យ​យល់​ពី​គុណតម្លៃ​នៃ​ព្រៃឈើ និង​បរិស្ថាន។ ភាព​អង់អាច​ក្លាហាន និង​វីរភាព​របស់​លោក ជា​គំរូ​សម្រាប់​យុវជន និង​សកម្មជន​បរិស្ថាន​ជំនាន់​ក្រោយ។ កន្លង​មក លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​គណៈកម្មការ​ដែល​មាន​សមាសភាព​សុទ្ធតែ​ជា​មន្ត្រី​របស់​រដ្ឋាភិបាល ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​មិន​ឯករាជ្យ បាន​លើកឡើង​ថា សន្តិសុខ​ក្រុមហ៊ុន Timber Green ម្នាក់​ឈ្មោះ រ៉ាន់ បូរ័ត្ន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា ទាក់ទិន​នឹង​ការ​បាញ់​សម្លាប់​មន្ត្រី​កងរាជ​អាវុធហត្ថ​ឈ្មោះ អ៊ិន រតនា។ លទ្ធផល​នេះ​បាន​បង្ហាញ​ជា​សាធារណៈ​បន្ទាប់ពី​ការ​ស៊ើបអង្កេត​រយៈពេល ៣​ថ្ងៃ។
លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ
ចំណែកឯ​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង បាន​រក​ឃើញ​ថា លោក អ៊ិន រតនា ត្រូវ​បាន​គេ​អះអាង​ថា​បាន​បង្វែរ​ចុង​កាណុង​របស់​គាត់​មក​បាញ់​សម្លាប់​ខ្លួនឯង បន្ទាប់ពី​បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ដែល​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​មន្ត្រី​ផ្សេង​ទៀត​ថា លោក អ៊ិន រតនា បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ហើយ​គ្រាប់កាំភ្លើង​ត្រូវ​ឡាន ហើយ​បាន​ប្លាត​មក​ត្រូវ​គាត់​វិញ​បណ្តាល​ឲ្យ​ស្លាប់។ របាយការណ៍​ដែល​ចេញ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ឆ្នាំ​២០១៩ បង្ហាញ​ពី​ដំណើរ​ក្ដី​ដែល​ចេញ​ដោយ​តុលាការ​ខេត្ត​កោះកុង ដោយ​បញ្ជាក់​ថា កាលពី​ខែ​តុលា ឆ្នាំ​២០១២ សាលាដំបូង​ខេត្ត​នេះ​បាន​បិទ​សំណុំរឿង​នេះ​ត្រឹម​សំអាង​ហេតុ​ថា លោក ឈុត វុទ្ធី ត្រូវ​បាន​សម្លាប់​ដោយ​ទាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​មន្ត្រី​អាវុធហត្ថ និង​សន្តិសុខ​ដែល​ស៊ីឈ្នួល​ឱ្យ​ក្រុមហ៊ុន ក្នុង​ពេល​ពួកគេ​ទាមទារ​ឱ្យ​លោក ឈុត វុទ្ធី ប្រគល់​កាមេរ៉ា​ដែល​មាន​ផ្ទុក​រូបភាព​នៃ​ទីតាំង​ក្រុមហ៊ុន។ បន្ទាប់​មក​ទៀត សន្តិសុខ​ដែល​រង​ការ​ចោទប្រកាន់​ក្នុង​បទល្មើស​នេះ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១៨​ខែ តែ​ទោស​នេះ​ត្រូវ​បាន​ព្យួរ ហើយ​សន្តិសុខ​រូប​នេះ​ត្រូវ​បាន​ដោះលែង​វិញ​ភ្លាមៗ​ក្រោយ​ប្រកាស​សាលក្រម​រួច។ នៅ​ក្នុង​ភាពយន្ត​ឯកសារ​មួយ​ដែល​មាន​ចំណងជើង​ថា «ខ្ញុំ​ជា ឈុត វុទ្ធី» កញ្ញា អូឡេស៊ា ផ្លូកឃី (Olesia PLOKHII) អ្នក​សារព័ត៌មាន​មួយ​រូប​ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែល​ស្ថិត​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​កាលពី ១២​ឆ្នាំ​មុន​នោះ ក៏​បាន​រៀបរាប់​ដោយ​ផ្ទាល់​ឡើងវិញ​ពី​រឿងរ៉ាវ​នេះ។ កញ្ញា ផ្លូកឃី បាន​បញ្ជាក់​នៅ​ចុងបញ្ចប់​នៃ​ការ​រៀបរាប់​នោះ​ថា កញ្ញា​គិត​ថា​ពួកគេ​បាន​សម្លាប់​ទាហាន​ម្នាក់ (លោក អ៊ិន រតនា) ដើម្បី​លាក់​ការពិត។
លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ
ក្រុមហ៊ុន Timber Green ដែល​ជា​ញឹកញាប់​បាន​គំរាម​សម្លាប់​លោក ឈុត វុទ្ធី ដែល​មាន​សិទ្ធិ​ប្រើ​កងរាជអាវុធហត្ថ​មក​ការពារ ដោយ​នៅ​ក្នុង​ឯកសារ​ចុះបញ្ជី​នៅ​ឯ​ក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុន​នេះ​មាន​ម្ចាស់​ភាគហ៊ុន​ធំ​ឈ្មោះ​អ្នកស្រី ខៀវ សស៊ីលៀប ដែល​ឈរឈ្មោះ​ឲ្យ​អ្នកស្រី ហ៊ុន ម៉ាណា ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅ​មាន​មន្ត្រី​មាន​អំណាច​ជាច្រើន​នាក់​ទៀត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ជា​អ្នក​ចូលរួម​ភាគហ៊ុន​ជាមួយ​ដែរ ដូចជា​លោកស្រី ហ៊ុន ម៉ាណា មាន​ភាគហ៊ុន​ធំ​ជាងគេ​ក្នុង​ក្រុមហ៊ុន គឺ​មាន​ភាគហ៊ុន ៥៧,៥% ដោយ​ឲ្យ​អ្នកស្រី ខៀវ សស៊ីលៀប ជា​អ្នក​ឈរឈ្មោះ​ឲ្យ និង​មាន​ដៃគូ​ម្នាក់​ទៀត​សកម្ម​ក្នុង​រឿង​នយោបាយ មាន​ងារ​ជា​ឧកញ៉ា ឈ្មោះ ហួរ ហាប់ កាន់កាប់ ២៥,៥%។ លោក​ឧកញ៉ា ហួរ ហាប់ ជា​អ្នក​ប្រតិបត្តិការ​រកស៊ី និង​រៀបចំ​កម្លាំង​កង​សន្តិសុខ​នានា​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន។ ក្រៅពី​រកស៊ី​ក្នុង​ក្រុមហ៊ុន​កាប់​ឈើ​លក់ Timber Green លោក ហួរ ហាប់ មាន​មុខរបរ​ជាច្រើន​កំពុង​រកស៊ី​ជាមួយ​ត្រកូល​ហ៊ុន គឺជា​អនុប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​ប្រចាំ​នៅ​អូស្ត្រាលី និង​ណូវែលហ្សេឡង់ និង​ជា​ប្រធាន​ក្រុម​ការងារ​តំបន់​៣ ប្រចាំ​ក្រុង​ស៊ីដនី រដ្ឋ​ញូហ្សាវ៉ែល និង​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត ថែម​ទៀត។ អ្នកស្រី ខៀវ សស៊ីលៀប និង​អ្នកស្រី ហ៊ុន ម៉ាណា លោកស្រី ហ៊ុន ម៉ាលី បាន​វិនិយោគ​ជាមួយ​គ្នា​នៅ​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ទៀត ដូច​ក្រុមហ៊ុន​សំណង់​អគារ​ផ្ទះល្វែង​សម្រាប់​ជួល ឬ​លក់ Condominium នៅ​រាជធានី​ភ្នំពេញ ប្រមាណ ៦ មាន​ឈ្មោះ អ័គីដេ វីឡា រ៉ូយ៉ាល, អ័គីដេ វីឡា បូតានិក, អ័គីដេ វីឡា២, អ័គីដេ វីឡា៣, អ័គីដេ វីឡា៤, អ័គីដេ វីឡា៥ សុទ្ធតែ​មាន​ឈ្មោះ​កូនស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា អ្នកស្រី ហ៊ុន ម៉ាលី និង​អ្នកស្រី ពេជ្រ ចន្ទមុន្នី ភរិយា​របស់​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត។ ពួកគេ​សុទ្ធតែ​មាន​តួនាទី​ជា​នាយិកា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន អ័គីដេ វីឡា ទាំងអស់។
លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ
អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ធ្លាប់​បាន​លើកឡើង​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មាន​បេះដូង​ធំ​ទូលាយ​ណាស់ បាន​ឲ្យ​ឃាតករ​ដែល​សម្លាប់​លោក ឈុត វុទ្ធី ជ្រកកោន​បាន ដោយ​លាក់​ខ្លួន​ក្នុង​បេះដូង​របស់​ពួកគាត់ ហេតុ​ដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច​នៅតែ​រក​ឃាតករ​ទាំងនោះ​មិន​ឃើញ​នោះ។ ដូច្នេះ លោក​ថា ក្រុម​អ្នក​ដែល​ចុះចូល ហើយ​អួត​កន្លង​មក ហើយ​អួត​អំពី​បេះដូង​របស់​លោក ហ៊ុន សែន នោះ គឺ​មិន​ខុស​អ្វី​ទេ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ធ្លាប់​បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ដោយ​បង្ហាញ​ថា គិត​ចាប់ពី​ឆ្នាំ​១៩៩៣ មក ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ មាន​មិន​តិច​ជាង ១០០​ករណី​ទេ​ក្នុង​រយៈពេល​ប្រមាណ​ជាង ២០​ឆ្នាំ​មក​នេះ។ ជនរងគ្រោះ​ទាំងនោះ​ភាគច្រើន​ជា​អ្នក​នយោបាយ អ្នកកាសែត អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​សិល្បៈ សហជីព និង​អ្នក​ការពារ​បរិស្ថាន ជាដើម។ ក្នុង​ចំណោម​ករណី​ទាំងនោះ អង្គការ​លីកាដូ​ថា​មិន​ដែល​ឃើញ​សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​បទល្មើស​ដើម្បី​យក​មក​ផ្ដន្ទាទោស​បាន​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស