9mm bet

33 C
Phnom Penh

លោក ហ៊ុន សែន បដិសេធ​ដាច់អហង្ការ​រឿង​ព្រែកជីក​ហ្វូណន​មិន​ជាប់​ពាក់ព័ន្ធ​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​គណបក្ស​កាន់​អំណាច​លោក ហ៊ុន សែន បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា ព្រែកជីក​ហ្វូណន មិន​មែន​ជា​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន ឡើយ ហើយ​គម្រោង​ព្រែកជីក​នេះ​ជា​គំនិត​របស់​កម្ពុជា​បង្កើត​ឡើង​ក្នុង​គោលបំណង​បម្រើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ មិនមែន​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ចិន នោះ​ទេ។ លោក ហ៊ុន សែន ក៏​បាន​ស្នើ​ទៅ​រាជរដ្ឋាភិបាល​កូនប្រុស​របស់​លោក ឱ្យ​បើក​ការដ្ឋាន​សាងសង់​ឱ្យ​បាន​កាន់តែ​ឆាប់ កាន់តែ​ល្អ។ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន បាន​ផ្សាយ​ផ្ទាល់​ពិសេស​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៦ ឧសភា នេះ​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​តែ​មួយ​គត់​ចេញពី​កម្ពុជា​សុទ្ធសាធ ហើយ​លោក​ក៏​ជំទាស់​យ៉ាង​ដាច់ខាត​ដែរ​ចំពោះ​ក្រុម​ប្រឆាំង​ដែល​បាន​លើកឡើង​ថា គម្រោង​ព្រែកជីក​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ចិន និង​ធ្វើឡើង​ដើម្បី​គាំទ្រ​ដល់​កងទ័ព​របស់​ចិន នោះ។ លោក ហ៊ុន សែន លើកឡើង​ថា គម្រោង​ព្រែកជីក​ហ្វូណន មិន​បង្ក​ក្ដី​បារម្ភ​ណា​មួយ​ចំពោះ​បញ្ហា​បរិស្ថាន និង​សង្គម​នោះ​ទេ ដូច្នេះ​កង្វល់​របស់​វៀតណាម ពាក់ព័ន្ធ​ព្រែកជីក​ហ្វូណន​នេះ ក៏​មិន​មាន​ភាព​ចាំបាច់​ត្រូវ​បកស្រាយ​ឡើយ។ លោក ហ៊ុន សែន បាន​ស្នើសុំ​ឱ្យ​បញ្ឈប់​នយោបាយ​ប្រឆាំង​ចិន ដោយ​ភ្ជាប់​បញ្ហា​ព្រែកជីក​នេះ​ជាមួយ​នឹង​សន្តិសុខ​របស់​វៀតណាម បន្ត​ទៀត​ទៅ។ មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​អះអាង​ង​ថា ព្រែកជីក​ហ្វូណន​នឹង​ធ្វើ​ឱ្យ​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា​ធំ​ណាស់ ដូចជា ជួយ​ឱ្យ​មាន​ប្រព័ន្ធ​ស្រោចស្រព​នៅ​ភាគ​និរតី​របស់​កម្ពុជា និង​ជួយ​បង្កើន​ឧត្តមភាព​នៃ​ការ​ប្រកួតប្រជែង​ទីផ្សារ​ផលិតផល​របស់​កម្ពុជា ជាដើម។ លោក​ថា ជាង​នេះ​ទៀត ក៏​ជួយ​បង្កើន​ផល​ត្រី​ក្នុង​ទន្លេ ជួយ​ការ​ចិញ្ចឹម​ត្រី​របស់​ពលរដ្ឋ ជួយ​ដល់​វិស័យ​ទេសចរណ៍ ក្នុង​នោះ​ក៏​រាប់​ទាំង​ការ​ជួយ​ឱ្យ​កម្ពុជា​ចំណេញ​ចម្ងាយ​ផ្លូវ​ជិត ២០០​គីឡូម៉ែត្រ (១៦៩​គីឡូម៉ែត្រ) លើ​ការ​ដឹកជញ្ជូន​ផង​ដែរ។ លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​ត្រូវតែ​អនុវត្ត​គម្រោង​ព្រែកជីក​នេះ​ឱ្យខាងតែ​បាន ហើយ​លោក​ក៏​បាន​ស្នើ​ទៅ​លោក ហ៊ុន ម៉ាណែត ឱ្យ​បើក​ការដ្ឋាន​សាងសង់​ព្រែក​នេះ​ឱ្យ​បាន​កាន់តែ​ឆាប់​ដែរ ព្រោះ​មិន​មាន​អ្វី​ត្រូវ​រង់ចាំ​ទៀត​នោះ​ទេ។ មេដឹកនាំ​ខ្មែរ​រូប​នេះ​គូស​បញ្ជាក់​ថា បើ​តាម​ច្បាប់ មិន​តម្រូវ​ឱ្យ​កម្ពុជា​ពិគ្រោះ​យោបល់​ជាមួយ​វៀតណាម ទេ ប៉ុន្តែ​ជា​ការ​គួរសម ទាំង​រូបលោក​ផ្ទាល់ និង​លោក ហ៊ុន ម៉ាណែត បាន​ជូនដំណឹង​ដល់​ភាគី​វៀតណាម រួច​អស់​ហើយ​អំពី​ព្រែកជីក​នេះ។ លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា ការ​សាងសង់​ព្រែកជីក​នេះ​មិន​ត្រឹមតែ​បន្សល់​ទុក​ឱ្យ​កម្ពុជា​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឱ្យ​កម្ពុជា​ឯករាជ្យ​ខាង​នយោបាយ​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​យូរ​អង្វែង​ទៅ​ថ្ងៃ​មុខ​ថែម​ទៀត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​រិះគន់​ពី​មន្ត្រី​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​ពី​ការ​សាងសង់​ព្រែកជីក​ហ្វូណន ក្រោម​ហេតុផល​ថា ព្រែកជីក​នេះ​ជា​ផែនការ​បម្រើ​ឱ្យ​កងទ័ព​ជើងទឹក​របស់​ចិន ទៅ​ថ្ងៃ​អនាគត។ កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ព្រែកជីក​ហ្វូណន​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ចិន​កុម្មុយនីស្ត ដើម្បី​គ្រប់គ្រង​ពិភពលោក​ទាំងមូល។ លោក​បន្ថែម​ថា អត្ថន័យ​នៃ​ការ​ជីក​ព្រែក​ហ្វូណន​នេះ គឺជា​មាន​លក្ខណៈ​អាថ៌កំបាំង និង​ស៊ីជម្រៅ ដែល​មិនមែន​ត្រឹមតែ​ដើម្បី​សេដ្ឋកិច្ច​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ព្រែកជីក​នេះ នឹង​ប្រើ​ជា​មធ្យោបាយ​ដឹកជញ្ជូន​សម្ភារៈ​កងទ័ព​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​កងទ័ព​ចិន ដែល​មាន​មូលដ្ឋាន​នៅ​កំពង់ផែ​រាម​របស់​ខ្មែរ​យ៉ាង​ពិតប្រាកដ។ លោក សម រង្ស៊ី បញ្ជាក់​ថា ព្រែកជីក​នេះ​ក៏​ជា​ប្រធានបទ​មួយ​ទៀត​ដែរ ដែល​អាច​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ប្រជាភិថុតិ​ដោយ​ការ​បោក​បញ្ឆោត​ប្រជារាស្ត្រ​ខ្មែរ ឲ្យ​គាំទ្រ​របប​ផ្ដាច់ការ​ត​ពូជ​របស់​គាត់ ដែល​គាត់​ចង់​បង្វែរ​កំហឹង​របស់​ប្រជារាស្ត្រ​ខ្មែរ​ចំពោះ​គ្រួសារ​គាត់ ឲ្យ​ទៅ​ខឹង​ប្រទេស​វៀតណាម វិញ ដើម្បី​ឲ្យ​ត្រកូល​ក្បត់​ជាតិ​របស់​គាត់​រួច​ខ្លួន​ពី​អំពើ​ក្បត់​របស់​ពួកគេ​ដែល​បាន​ធ្វើ​កន្លង​មក។ យ៉ាងណាក៏ដោយ កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ដើម្បី​សាងសង់​ព្រែកជីក​ហ្វូណន​ក្នុង​អំឡុង​ខែ​កក្កដា ឬ​ខែ​សីហា ខាងមុខ​នេះ។ ទោះជា​បែប​នេះ​ក្តី អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី លើក​ជា​សំណួរ​កាលពី​ពេល​ថ្មីៗ​នេះ​ថា តើ​ការ​សាងសង់​ព្រែកជីក​ហ្វូណន គ្រាន់តែ​ដើម្បី​បញ្ឈប់​ការ​ពឹង​ច្រមុះ​វៀតណាម មក​ជា​ការ​ពឹង​ច្រមុះ​ចិន ដើម្បី​ដក​ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា ឬ​យ៉ាងណា ព្រោះ​កម្ពុជា​នឹង​ជាប់​កិច្ចសន្យា​ប្រគល់​ព្រែក​នេះ​ឱ្យ​ចិន គ្រប់គ្រង​រហូត​ដល់​ជាង ៥០​ឆ្នាំ​ឯណោះ​តទៅ​ថ្ងៃ​មុខ។ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា អ្នក​នយោបាយ​គួរ​ចេះ​ចាប់​ឱកាស​ដើម្បី​ពង្រឹង​សាមគ្គីភាព និង​ឯកភាព​ជាតិ ដើម្បី​ប្រយោជន៍​វែង​ឆ្ងាយ​របស់​ជាតិ ព្រោះ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី បក្ស​ប្រឆាំង​មាន​តួនាទី​សំខាន់​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ត្រួតពិនិត្យ និង​តុល្យភាព​នៃ​អំណាច ប៉ុន្តែ​មិនមែន​ប្រឆាំង​បែប​អវិជ្ជមាន​ឡើយ។ គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ១៧០០​លាន​ដុល្លារ​អាមេរិក ត្រូវ​សាងសង់​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ក្នុង​ទម្រង់ BOT ដែល​មាន​ន័យ​ថា ចិន​នឹង​គ្រប់គ្រង​មុន ខណៈ​រដ្ឋាភិបាល​កម្ពុជា​នឹង​គ្រប់គ្រង​តាម​ក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស