9mm bet

33 C
Phnom Penh

អ្នកវិភាគ៖ ចិន​អាច​ដក​ការ​ពាក់ព័ន្ធ​ពី​កំពង់ផែ​រាម លុះត្រាតែ​អាមេរិក​ដក​ថយ​ពី​នយោបាយ​ផ្ដល់​ជំនួយ​យោធា​ដល់​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​លើកឡើង​ថា ចិន​អាច​ដក​ការ​ពាក់ព័ន្ធ​នឹង​សមុទ្រ​រាម​របស់​កម្ពុជា​បាន លុះត្រាតែ​អាមេរិក​ដក​ថយ​ពី​នយោបាយ​ផ្ដល់​ជំនួយ​យោធា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដល់​វៀតណាម ហើយ​សកម្មភាព​របស់​កងទ័ព​ចិន នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម មិន​អាច​លាក់​បាំង​បាន​ថែម​ទៀត។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ មិថុនា នេះ​ថា ជា​ការពិត ចិន​នឹង​មិន​ដោះលែង​ការ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​កងទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​ទេ នៅ​ពេល​ដែល​អាមេរិក​ក៏​កំពុងតែ​ប្រឹង​ធ្វើ​ទំនើបកម្ម​យោធា​វៀតណាម ដែរ​នោះ។ លោក គឹម សុខ បាន​លើកឡើង​ថា អាច​មាន​វិធី​សមរម្យ​មួយ​ដែល​អាច​ស្នើ​ឲ្យ​ចិន ដក​ការ​ពាក់ព័ន្ធ​នឹង​តំបន់​កងទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​បាន នោះ​គឺ​អាមេរិក​គួរតែ​ដកថយ​ពី​នយោបាយ​ផ្ដល់​ជំនួយ​យោធា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដល់​វៀតណាម ដែរ។ ប្រភព​ដដែល​បាន​អះអាង​ថា មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្រ​រាម ប្រាកដជា​ពាក់ព័ន្ធ​នឹង​យោធា​ចិន ព្រោះ​ភាគី​ចិន ផ្តល់​លុយ សម្ភារៈ និង​បច្ចេកទេស​សាងសង់​ទាំងស្រុង​ដល់​រដ្ឋាភិបាល​ខ្មែរ​ក្នុង​រយៈពេល​កន្លង​មក ដូច្នេះ​បើ​ប្រកែក​ថា​មិន​ជាប់​ពាក់ព័ន្ធ គឺជា​រឿង​មិន​សម​ហេតុផល។ លោក​បន្ត​ថា ស្ថានភាព​បច្ចុប្បន្ន​ដែល​គេ​ហៅថា​មាន​វត្តមាន​កងទ័ព​ចិន នៅ​ទីនោះ គឺ​អាច​មាន​ត្រឹមតែ​កិច្ច​សហប្រតិបត្តិការ​បច្ចេកវិទ្យា និង​អ្នកជំនាញ​កងទ័ព​ចិន​បន្តិចបន្តួច​ប៉ុណ្ណោះ ដែល​កំពុង​ហ្វឹកហ្វឺន​កងទ័ព​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​ទីនោះ។

កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២៤ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​២១ ឬ​កិច្ចសន្ទនា​សាំងហ្គ្រីឡា ២០២៤ ក្នុង​ប្រទេស​សិង្ហបុរី ក្រោម​ប្រធានបទ «ការ​កសាង​សន្តិសុខ​នៃ​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក»𝓀។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ លោក​រដ្ឋមន្ត🎃្រី​អះអាង​ថា​ពុំ​មាន​មូលដ្ឋាន​ទ័ព​ចិន​ជា​អចិន្ត្រៃយ៍​នៅ​កំពង់ផែ​រាម​របស់​កម្ពុជា​នោះ​ទេ។

លោក ទៀ សីហា អះអាង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូងចម្រាស​នៅ​កំពង់ផែ​រាម និង​វត្តមាន​នាវាចម្បាំង​ចិន នៅ​កម្ពុជា​ក្នុង​ការ​សមយុទ្ធ​នាគ​មាស​លើក​ទី​៦ នេះ កម្ពុជា​គ្មាន​ចេតនា​រំលោភ​បំពាន​ទឹកដី​ប្រទេស​ដទៃ​ឡើយ ហើយ​កម្ពុជា​ស្វាគមន៍​ចំពោះ​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​ដែល​ចង់​ជួយ​ហ្វឹកហ្វឺន​កងទ័ព​កម្ពុជា និង​ចង់​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា។ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ក្នុង​នាម​ជា​សមាជិក​អាស៊ាន កម្ពុជា​ចង់​ឃើញ​ដៃគូ​អាស៊ាន​បន្ត​គាំទ្រ និង​ប្រកាន់ខ្ជាប់​នូវ​អព្យាក្រឹតភាព និង​ឯកភាព​របស់​អាស៊ាន ព្រោះ​ថា​ការ​បែកបាក់​របស់​អាស៊ាន នឹង​នាំ​ទៅ​រក​ផល​ប៉ះពាល់​អវិជ្ជមាន​មិន​ត្រឹមតែ​ចំពោះ​សមាជិក​អាស៊ាន​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ថែមទាំង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ផង​ដែរ។ យ៉ាងណា​ក៏ដោយ មន្ទីរ​បញ្ចកោណ​របស់​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ប្រវែង​កំពង់ផែ​រាម​ដែល​ចិន បាន​សាងសង់​សម្រាប់​កម្ពុជា គឺ​មាន​សមត្ថភាព​អាច​ឱ្យ​នាវា​ផ្ទុក​យន្តហោះ​របស់​ចិន ចូល​ចត​បាន ព្រោះ​ថា​នាវា​ផ្ទុក​យន្តហោះ​របស់​ចិន មាន​ប្រវែង​ប្រមាណ​ជា ៣០០​ម៉ែត្រ ចំណែក​ប្រវែង​កំពង់ផែ​នៅ​តំបន់​ជើងទឹក​រាម គឺ​មាន​ប្រវែង​ប្រមាណ ៣៣៥​ម៉ែត្រ​ឯណោះ។ ប្រភព​ដដែល​បញ្ជាក់​ថា បើ​ផ្អែក​តាម​ភស្តុតាង​នានា និង​ភស្តុតាង​ជាក់ស្តែង​នៃ​ទំហំ​កំពង់ផែ​នេះ គឺ​មាន​ន័យ​ថា កំពង់ផែ​រាម​កំពុង​ត្រូវ​បាន​សាងសង់​ឡើង​ជាពិសេស​ដើម្បី​ការ​ចត​នាវា​ផ្ទុក​យន្តហោះ​របស់​ចិន​តែម្តង ហើយ​ហេតុផល គឺ​នៅ​ត្រង់​ថា ប្រទេស​កម្ពុជា​គ្មាន​នាវាចម្បាំង ឬ​នាវា​ផ្ទុក​យន្តហោះ​ដែល​មាន​ប្រវែង​រហូត​ត្រូវការ​កំពង់ផែ​ប្រវែង​ជាង ៣០០​ម៉ែត្រ​សម្រាប់​សំចត​នោះ​ទេ។ ជុំវិញ​បញ្ហា​នេះ កាសែត​អាមេរិក The Wall Street Journal កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដោយ​អះអាង​ថា កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​ជា​សម្ងាត់​លើ​កិច្ចព្រមព្រៀង​យោធា​មួយ​ជាមួយ​គ្នា។ ប្រភព​ដដែល​បន្ត​ថា កិច្ចព្រមព្រៀង​នោះ កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ចិន មាន​សិទ្ធិ​ផ្ដាច់មុខ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុង​រយៈពេល ៣០​ឆ្នាំ ហើយ​កិច្ចព្រមព្រៀង​នេះ​អាច​បន្ត​ឡើងវិញ​នៅ​រៀងរាល់ ១០​ឆ្នាំ​ម្ដង។ កាសែត The Wall Street Journal បញ្ជាក់​ថា កម្ពុជា​ក៏​បាន​អនុញ្ញាត​ឲ្យ​ចិន ដាក់​ពង្រាយ​បុគ្គលិក​យោធា រក្សាទុក​សព្វាវុធ និង​អនុញ្ញាត​ឲ្យ​នាវាចម្បាំង​ចិន ចូល​ចត​បាន​ថែម​ទៀត។ កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​វាយ​កម្ទេច​អគារ​មួយ​ក្នុង​ចំណោម​អគារ​ជាច្រើន​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​រាម ដែល​សាងសង់​ដោយ​ថវិកា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១២ កន្លង​ទៅ។ ក្រោយពី​វាយ​កម្ទេច​អគារ​ដែល​ជា​ជំនួយ​របស់​អាមេរិក កម្ពុជា​ក៏​បាន​សាងសង់ និង​ជួសជុល​អគារ​ទាំងនោះ​ឡើងវិញ​ក្រោម​ជំនួយ​របស់​ចិន និង​សហការ​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន ថែម​ទៀត ខណៈ​សមយុទ្ធ​ឆ្មាំ​អង្គរ​ដែល​កម្ពុជា​ធ្លាប់​ធ្វើ​ជាមួយ​អាមេរិក​កន្លង​មក ត្រូវ​បាន​កម្ពុជា​ប្រកាស​ផ្អាក​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស