9mm bet

32 C
Phnom Penh

បទវិភាគ៖ ផ្លែ​ការ៉ុត​និង​ដំបង​ដាក់​នៅ​ចំពោះ​មុខ​កម្ពុជា​ក្នុង​ភូមិសាស្ត្រ​នយោបាយ​រវាង​អាមេរិក​និង​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឯកទេស​ខាង​កិច្ចការ​អន្តរជាតិ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ធ្វើការ​វិភាគ​ថា ផ្លែ​ការ៉ុត និង​ដំបង​ដាក់​នៅ​ចំពោះ​មុខ​កម្ពុជា​ក្នុង​ភូមិសាស្ត្រ​នយោបាយ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន។ កាសែត The Diplomat បាន​ចេញ​ផ្សាយ​ភ្លាមៗ​ទន្ទឹម​នឹង​ការ​ធ្វើ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin នៅ​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា។ អ្នកវិភាគ​បាន​មើល​ឃើញ​ពី​យុទ្ធសាស្ត្រ​ដែល​ទីក្រុង​វ៉ាស៊ីនតោន ទាញ​កម្ពុជា​ចេញពី​មាត់​ដង្កាប់​របស់​ចិន។ គេ​ថា​ទស្សនកិច្ច​របស់​ប្រមុខ​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ធ្វើឡើង​ចំ​ពេល​ដែល​កម្ពុជា​អះអាង​ថា បង្អួច​កម្ពុជា​បាន​បើក​ឱ្យ​ខ្យល់​ចូល ទោះ​មក​ពី​ទិស​ខាង​ណា​ក៏ដោយ គឺ​ស្វាគមន៍​ជានិច្ច ហើយ​ត្រូវ​នឹង​នយោបាយ​សហរដ្ឋ​អាមេរិក​ដែល​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នាយករដ្ឋមន្ត្រី​សន្តតិវង្ស​កម្ពុជា លោក ហ៊ុន ម៉ាណែត ដែល​បាន​ឡើង​កាន់​តំណែង​ត​ពី​ឪពុក​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន។ ជាមួយ​គ្នា​នេះ គេ​ថា​ប្រទេស​កម្ពុជា​បាន​កំពុង​ដើរ​លើ​វិថី​ដែល​មាន​អ្នក​ត្រួសត្រាយ​ខុស​ជាច្រើន​ទសវត្ស​មក​ហើយ។ ចំពោះ​លោក ហ៊ុន ម៉ាណែត ទោះ​ជា​មេដឹកនាំ​ឈាម​ថ្មី​ក៏ដោយ តែ​នៅ​តែ​ជា​ប្រភេទ​ឈាម​នៃ​មេដឹកនាំ​មាន​ភាព​សម្អប់​ខ្លាំង​ប្រឆាំង​សហរដ្ឋ​អាមេរិក ហើយ​អាច​ជា​មហន្តរាយ​ចំពោះ​គោលនយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក​ទៀត​ផង។ ជា​ការពិត ទស្សនកិច្ច​របស់​លោក Lloyd Austin គេ​មិន​អាច​និយាយ​ថា​ជា​រឿង​ចៃដន្យ​នោះ​ទេ។ លោក Lloyd Austin ជាន់​ដី​រាជាណាចក្រ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ គឺ​ក្រោយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការ​មក​ដល់​របស់​លោក វ៉ាង យី ប្រមុខ​ការទូត​ចិន។ មក​ដល់​ក្រុង​ភ្នំពេញ​ភ្លាម លោក Lloyd Austin ក៏​បាន​ធ្វើ​ដំណើរ​តាម​រុក្ខវិថី​មួយ​ដែល​មាន​ឈ្មោះ ស៊ី ជីនពីង។ តែ​ការ​មក​ដល់​របស់​លោក Lloyd Austin ក៏​គាប់ជួន​ការ​ចាកចេញ​ពី​កម្ពុជា​របស់​លោក Patrick Murphy ដែល​អស់​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា។ ជាច្រើន​សប្ដាហ៍​មុន លោក Murphy បាន​ចាកចេញ​ពី​កម្ពុជា គេ​សង្កេត​ឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច CPP បាន​ធ្វើ​អត្ថាធិប្បាយ​សរសើរ​លោក Murphy តែ​ក៏​ឆ្លៀត​វាយប្រហារ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែរ។ ក្នុង​អាណត្តិ​របស់​លោក Murphy លោក​បាន​បញ្ចេញ​សកម្មភាព​តស៊ូ​មតិ​រិះគន់​ជា​សាធារណៈ និង​លើក​ទឹកចិត្ត​ការ​ដឹកនាំ​នៅ​កម្ពុជា​ឱ្យ​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ ប៉ុន្តែ​នៅតែ​បរាជ័យ ព្រោះ​ប្រព័ន្ធ​ដឹកនាំ​កម្ពុជា​ដើរ​បញ្ជ្រាល​ទិស​ទៅ​ហើយ ដែល​គេ​ថា​ជា​ការ​ដឹកនាំ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។ ចំពោះ​លោក Murphy ក៏​គេ​ថា​អាច​ទាញ​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​ដឹកនាំ​របស់​បក្ស​ប្រជាជន​កម្ពុជា​ដែរ ប្រសិនបើ​គាត់​មិន​តំណាង​ឱ្យ​ក្រុង​វ៉ាស៊ីនតោន ទេ​នោះ។ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គោលនយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក​មាន​ទម្ងន់​មិន​ធ្ងន់​ទៅ​លើ​កម្ពុជា​នោះ​ទេ ក្នុង​ការ​ទាញ​កម្ពុជា​ដើរ​លើ​ផ្លូវ​មួយ​ដែល​ក្រុង​វ៉ាស៊ីនតោន ចង់​បាន តែ​នៅតែ​ជួប​រឿង​បរាជ័យ។ យុទ្ធសាស្ត្រ​របស់​កម្ពុជា​កាន់តែ​ទោរទន់​ជ្រៅ​ទៅ​រក​ចិន ដែល​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ទម្លាក់​ចោល​ចក្ខុវិស័យ​ពឹងផ្អែក​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​កន្លះ​ទសវត្ស​ចុងក្រោយ​នេះ សមាជិក​បក្ស​កាន់​អំណាច​នៅ​កម្ពុជា ៣​នាក់ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ការ​ពង្រីក​វិសាលភាព​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ដែល​គេ​ថា​ធ្វើ​ឡើង​សម្រាប់​កងទ័ព​ជើងទឹក​ចិន។ ក្នុង​អំឡុង ៥​ឆ្នាំ​ចុងក្រោយ​នេះ អាជ្ញាធរ​កម្ពុជា​បាន​វាយ​បង្ក្រាប​អ្នក​នយោបាយ សកម្មជន​សង្គម សកម្មជន​បរិស្ថាន មេ​សហជីព ខណៈ​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​ពី​ចិន ហើយ​នៅ​ពេលនេះ ទោះបី​និស្សិត​ខ្មែរ​ម្នាក់ គឺ​លោក ហ៊ុន ម៉ាណែត ដែល​រៀន​ចប់​ពី​សាលា​នាយ​ទាហាន​ជាន់ខ្ពស់​អាមេរិក West Point ក៏​លោក​កំពុង​ធ្វើការ​ក្រោម​ឥទ្ធិពល​របស់​ចិន ដែរ។ ឯកអគ្គរដ្ឋទូត​អាមេរិក​ដែល​ចាកចេញ​ពី​អាណត្តិ គឺ​លោក Patrick Murphy គេ​ថា​ជា​អ្នក​ការទូត​ចិត្ត​ត្រជាក់​ផង ចិត្ត​ក្ដៅ​ផង តែ​នៅតែ​មិន​អាច​ទាញ​កម្ពុជា​ចេញពី​ចិន បាន​ដែរ។ ក្នុង​អាណត្តិ​ថ្មី​នេះ លោក Robert Forden ដែល​ធ្លាប់​ជា​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការបរទេស ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ជំនួស​លោក Patrick Murphy។ គេ​ថា​លោក Robert Forden ក៏​ជា​អ្នក​ការទូត​ប្រកាន់​ខ្សែ​តឹង ហើយ​ក៏​ជា​អ្នក​ការទូត​កាន់​ដំបង​គំរាម​ចិន ដែរ ប៉ុន្តែ​វា​ដូចជា​យឺត​ពេល​ណាស់​ទៅ​ហើយ​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​រូប​នេះ​ត្រូវ​បំពេញ​បេសកកម្ម​របស់​ខ្លួន​នៅ​កម្ពុជា ជាមួយ​នឹង​ការ​ចាក់​ឫស​ជ្រៅ​ទៅ​ហើយ​នៃ​ប្រព័ន្ធ​ដឹកនាំ​មួយ​ចង​សែស្រឡាយ​គ្នា​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​ទៅ​អស់​ហើយ​នោះ។ សូម្បី​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច មុខជំនួញ ពាណិជ្ជកម្ម ក៏​មាន​ការ​ចង​សម្ពន្ធភាព​គ្រួសារ​រួច​ទៅ​ហើយ​ដែរ។ បន្ថែម​លើស​ពី​នេះ គម្រោង​ព្រែកជីក​ហ្វូណន​តេជោ នឹង​ត្រូវ​ស្ថាបនា​ឡើង​ដោយ​ប្រាក់កម្ចី​ពី​ចិន ពាន់​លាន​ដុល្លារ។ ជាមួយ​គ្នា​នេះ ផែ​សមុទ្រ​រាម​ទឹក​ជ្រៅ និង​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ក៏​ចិន​ជួយ​មូលនិធិ​ស្ថាបនា​រួច​ហើយ​ដែរ។ ទាំង​សេដ្ឋកិច្ច និង​នយោបាយ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ចិន ជាមួយ​នឹង​ការ​ដាក់​វិនិយោគ​យ៉ាង​ខ្លាំង​ពី​អ្នកជំនួញ​ចិន និង​ពី​ក្រុមហ៊ុន​របស់​រដ្ឋ​ចិន ថែម​ទៀត។ ក្នុង​ស្ថានភាព​សង្គម​ដែល​ធ្លាក់​ក្នុង​មុខជំនួញ​ខុស​ច្បាប់ ដូចជា​ការ​រត់​ពន្ធ​គ្រឿងញៀន ជំនួញ​ឈើ​ហុប ជំនួញ​បូម​ខ្សាច់​ខុស​ច្បាប់ ការ​ច្បាម​យក​ដីធ្លី​ដោយ​ខុស​ច្បាប់ និង​ការ​លាង​លុយ សុទ្ធតែ​មាន​ការ​ចង​ជា​សម្ព័ន្ធ​ទៅ​ហើយ។ ការ​រំលោភ​សិទ្ធិមនុស្ស សិទ្ធិ​ការងារ មិន​អាច​ប្រសើរ​ឡើយ។ គេ​ថា​ទីក្រុង​ប៉េកាំង មិន​មាន​ឥទ្ធិពល​ទៅ​លើ​អ្នកជំនួញ​ចិន ដែល​មាន​ឧត្ដមសេនីយ៍​កម្ពុជា​នៅ​ពីក្រោយ​នោះ​ទេ។ ដូច​នេះ អ្នក​ការទូត​ថ្មី​សហរដ្ឋ​អាមេរិក លោក Robert Forden ដែល​មក​ជំនួស​លោក Patrick Murphy កាន់តែ​ជួប​រឿង​ស្មុគស្មាញ ព្រោះ​វា​ចាក់​ឫស​ខ្លាំង​ទៅ​ហើយ។ តែ​យ៉ាងណា ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក Lloyd Austin អាច​មាន​លទ្ធផល​មួយ​ដែរ គឺ​ទទួល​បាន​ការ​បញ្ជាក់​ជា​ថ្មី​ពី​មេដឹកនាំ​ជាន់ខ្ពស់​កម្ពុជា រាប់​ទាំង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោក ទៀ សីហា រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ដែល​សុទ្ធតែ​បាន​ធានា​ការ​បើក​ចំហ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុង​នោះ​មាន​ទាំង​វិស័យ​សន្តិសុខ​ក្នុង​តំបន់​ផង​ដែរ។ ថ្នាក់ដឹកនាំ​កម្ពុជា​នៅតែ​អះអាង​ប្រាប់​លោក Lloyd Austin ថា ផែ​សមុទ្រ​រាម​កម្ពុជា​មិន​អាច​ក្លាយ​ជា​មូលដ្ឋាន​សម្រាប់​នាវាចម្បាំង​របស់​ប្រទេស​ណា​មួយ​ផ្ដាច់មុខ​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស