9mm bet

33 C
Phnom Penh

កូនស្រី​ច្បង​លោក កឹម សុខា សុំ​ឱ្យ​ឪពុក​តស៊ូ​អត់ធ្មត់​បន្ត​ទៀត​ដើម្បី​ជាតិ​និង​ពលរដ្ឋ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនស្រី​ច្បង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ សុំ​ឱ្យ​ឪពុក​របស់​ខ្លួន​តស៊ូ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​បន្ត​ទៀត​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​អាយុ ៧២​ឆ្នាំ ព្រោះ​ជាតិ​ខ្មែរ​នៅតែ​ត្រូវការ​លោក។ កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មិថុនា នេះ​ថា កូន​សូម​ជូនពរ​លោក​ឪពុក​ក្នុង​ឱកាស​ថ្ងៃ​កំណើត​របស់​លោក​ពុក ឱ្យ​មាន​សុខភាព​ល្អ និង​មាន​ស្មារតី​រឹងមាំ ទោះ​ជា​លោក​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត​នេះ​ក៏ដោយ។ កញ្ញា កឹម មនោវិទ្យា បញ្ជាក់​ថា ជាតិ​ខ្មែរ​ទាំង​នគរ​នៅតែ​ត្រូវការ​លោក កឹម សុខា ឱ្យ​បន្ត​ក្រាញននៀល​បន្ត​ទៀត ទោះ​ជា​លោក និង​ក្រុម​គ្រួសារ​ទទួល​នូវ​ផល​មហា​អវិជ្ជមាន​ពី​កាលៈទេសៈ​នេះ​យ៉ាងណា​ក៏ដោយ។ កញ្ញា​បញ្ជាក់​ថា នឹង​ប្ដេជ្ញា​ចិត្ត​មិន​ឱ្យ​ការ​លះបង់​របស់​លោក កឹម សុខា ក្លាយ​ជា​អសារបង់​ដាច់ខាត។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា កើត​នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​១៩៥៣ ស្ថិត​នៅ​ឃុំ​ឧត្ដមសូរិយា ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដែល​គិត​ត្រឹម​ឆ្នាំ​២០២៤ នេះ លោក​មាន​ជន្មាយុ ៧២​ឆ្នាំ​ហើយ។ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គាំទ្រ​លោក កឹម សុខា បាន​នាំគ្នា​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជូនពរ​មេដឹកនាំ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​រូប​នេះ​ព្រោងព្រាត។ ក្នុង​សារ​ទាំងនោះ​មាន​ការ​រៀបរាប់​ដោយ​បង្ហាញ​ពី​ភាព​កោត​ស្ញប់ស្ញែង​នូវ​វីរភាព​របស់​លោក​ដែល​បាន​តស៊ូ​អត់ធ្មត់​មិន​រាថយ ក្នុង​ស្មារតី​គោរព​នូវ​ឆន្ទៈ​រាស្ត្រ និង​មិន​រត់​ចាកចោល​ពី​កម្ពុជា​ដ៏​កម្សត់​ផង​ដែរ បើ​ទោះបីជា​រូបលោក​ត្រូវ​ប្រឈម​នូវ​ឧបសគ្គ​ក្នុង​បុព្វហេតុ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​យុត្តិធម៌​ពិតប្រាកដ​នៅ​កម្ពុជា​ក៏ដោយ។ លោក កឹម សុខា បាន​ក្លាយ​ជា​មេដឹកនាំ​ដែល​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ថា​ជា​មេដឹកនាំ​មួយ​រូប​ដែល​តំណាង​ឱ្យ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ បើ​ទោះបីជា​លោក​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​ក៏ដោយ។ មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចូល​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​ដោយ​គ្មាន​ដីកា​តុលាការ កាលពី​យប់​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ ពី​បទ​ក្បត់​ជាតិ ឬ​គប់គិត​ជាមួយ​រដ្ឋ​បរទេស​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​តាម​ប្រសាសន៍​លោក ហ៊ុន សែន។ នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កែប្រែ​លក្ខខណ្ឌ​នៃ​ការ​ឃុំ​ខ្លួន​លោក​សាជាថ្មី។ លក្ខខណ្ឌ​ថ្មី​នេះ តុលាការ​បាន​ផ្តល់​សេរីភាព​ដល់​លោក​ច្រើន​ជាង​មុន ប៉ុន្តែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ដដែល ជាពិសេស​ហាម​មិន​ឱ្យ​លោក​ធ្វើ​សកម្មភាព​នយោបាយ និង​ហាម​ចេញ​ទៅ​ក្រៅ​បរទេស​ដាច់ខាត។ អំឡុង​ពេល​ដែល​លោក​មាន​សេរីភាព​ខ្លះៗ តុលាការ​នៅតែ​បន្ត​សវនាការ​លើ​សំណុំរឿង​របស់​លោក​រហូត​ដល់ ៦៣​លើក ប៉ុន្តែ​នៅ​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៤ ក្នុង​សវនាការ​លើក​ទី​៦៤ តុលាការ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​តែម្តង ដោយ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ២៧​ឆ្នាំ និង​ហាម​ជួប​អ្នក​ដទៃ​ក្រៅពី​សាច់​ជាតិ​ក្នុង​ផ្ទះ រួម​ទាំង​ដកហូត​សិទ្ធិ​នយោបាយ​ថែម​ទៀត។ ក្រោយ​ការ​ប្រកាស​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កឹម សុខា បាន​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​រក​យុត្តិធម៌​ក្នុង​ការ​កាត់​សេចក្តី​នេះ ខណៈ​សំណុំរឿង​របស់​លោក​នៅ​ពេលនេះ ក៏​កំពុង​ដំណើរការ​សវនាការ​នៅ​តុលាការ​ថ្នាក់​កណ្តាល​បាន​ចំនួន ១០​លើក​មក​ហើយ​ដែរ។ សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សំណុំរឿង​ដែល​យូរ​ជាងគេ​ក្នុង​ប្រវត្តិ​នៃ​ការ​កាត់ក្តី​នៅ​កម្ពុជា ដែល​រង​នូវ​ការ​រិះគន់​ថា​ជា​សំណុំរឿង​ដែល​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ ជាជាង​ការ​ស្វែងរក​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ ព្រោះ​សំណុំរឿង​នេះ​បាន​បន្ត​សវនាការ​អស់​ចំនួន ៧៣​លើក​ហើយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២៤ នេះ។ ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​លើកឡើង​ថា លោក កឹម សុខា ជាប់​គុក​យូរ​ដោយសារតែ​បរទេស​ស្រឡាញ់​លោក កឹម សុខា ពេក។ ការ​លើកឡើង​មិន​ចំ​ឈ្មោះ​នេះ ត្រូវ​គេ​ដឹង​ថា​លោក ហ៊ុន សែន សំដៅ​ដល់​សហរដ្ឋ​អាមេរិក​ដែល​តែងតែ​ជួប​លោក កឹម សុខា កន្លង​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស