9mm bet

33 C
Phnom Penh

នាយករដ្ឋមន្ត្រី​ហុឡង់ដ៍​ត្រូវ​បាន​តែងតាំង​ជា​មេដឹកនាំ NATO ខណៈ​រុស្ស៊ី​គំរាម​បង្ក​សង្គ្រាម​ជាមួយ​បស្ចិម​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ ទី​២៦ មិថុនា ប្រទេស​ជា​សមាជិក​ទាំង ៣២ នៃ​អង្គការ NATO បាន​សម្រេច​ជា​ឯកច្ឆន្ទ​តែងតាំង​នាយករដ្ឋមន្ត្រី​ហុឡង់ដ៍ ដែល​ត្រូវ​ចូល​និវត្តន៍ គឺ​លោក Mark Rutte ឱ្យ​ធ្វើ​ជា​អគ្គលេខាធិការ​ថ្មី​របស់​អង្គការ​យោធា​អឺរ៉ុប​មួយ​នេះ។ ទីបញ្ជាការ​យោធា NATO នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក បាន​ប្រកាស​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ក្រុមប្រឹក្សា​អាត្លង់ទិច​ខាងជើង​ដែល​ជា​ស្ថាប័ន​សម្រេច​ចិត្ត​ចម្បង​របស់​អង្គការ NATO បាន​សម្រេច​តែងតាំង​លោក Mark Rutte ជា​អគ្គលេខាធិការ​បន្ទាប់ពី​បក្ស​សម្ព័ន្ធ​យោធា​មួយ​នេះ​ត្រូវ​រក​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក Jens Stoltenberg។ យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Al Jazeera ឯកអគ្គរដ្ឋទូត ៣២​ប្រទេស​នៃ​អង្គការ​យោធា NATO ស្ថិត​ក្នុង​ក្រុមប្រឹក្សា​អាត្លង់ទិច​ខាងជើង​នៅ​ទីក្រុង​ព្រុយកន្ទេល បាន​អនុម័ត​តែងតាំង​លោក Mark Rutte ឱ្យ​ធ្វើ​ជា​ប្រមុខ NATO តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋ និង​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​សមាជិក NATO ទាំង ៣២​ប្រទេស។ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​អាត្លង់ទិច​ខាងជើង លោក Mark Rutte នឹង​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៤ ខាងមុខ​នេះ។ លោក Mark Rutte ត្រូវ​គេ​រំពឹង​ទុក​ជា​មុន​ថា​នឹង​ក្លាយ​ជា​មេដឹកនាំ​យោធា NATO ថ្មី បន្ទាប់ពី​គូប្រជែង​ចុងក្រោយ​ជាមួយ​នឹង​លោក គឺ​ប្រធានាធិបតី​រូម៉ានី លោក Klaus Iohannis បាន​ប្រកាស​ដក​ខ្លួន​កាលពី​សប្តាហ៍​មុន។ កាលពី​ឆ្នាំ​ទៅ​មិញ នៅ​ពេល​លោក Jens Stoltenberg ជិត​អស់​អាណត្តិ​ជា​អគ្គលេខាធិការ NATO លោក Mark Rutte ដែល​ជិត​ចូល​និវត្តន៍​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ហុឡង់ដ៍ ក៏​បាន​ប្រកាស​ថា លោក​ចង់​កាន់​តំណែង​មេដឹកនាំ​អង្គការ​យោធា​អឺរ៉ុប​មួយ​នេះ គឺ​ពេល​នោះ​លោក​ទទួល​បាន​ការ​គាំទ្រ​ភ្លាមៗ​ពី​សមាជិក​សំខាន់ៗ​នៃ​អង្គការ NATO រួម​មាន​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ជាដើម។ ចំពោះ​មេដឹកនាំ​ក្រុម​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​ចំនួន ក៏​បាន​បង្ហាញ​បំណង​របស់​ពួកគេ​ចង់បាន​មុខតំណែង​នេះ​ដែរ ទើប​លោក Klaus Iohannis ប្រធានាធិបតី​រ៉ូម៉ានី និង​អ្នកស្រី Kaja Kallas នាយករដ្ឋមន្ត្រី​ប្រទេស Estonia បាន​ប្រកាស​ដាក់​ពាក្យ​ប្រកួត​ប្រជែង តែ​លោក Klaus Iohannis ដក​ខ្លួន​ក្រោយពី​ដឹង​ថា​ប្រទេស Hungary និង​សាធារណរដ្ឋ Slovakia បាន​ប្រកាស​គាំទ្រ​លោក Mark Rutte។ ចំណែក​អ្នកស្រី Kaja Kallas មិន​មាន​សំឡេង​គាំទ្រ​រឹងមាំ​នោះ​ទេ។ ទាំង​លោក Klaus Iohannis និង​អ្នកស្រី Kaja Kallas គឺជា​មនុស្ស​ប្រឆាំង​នឹង​រុស្ស៊ី យ៉ាង​ខ្លាំង​ដែល​លើក​ទ័ព​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន។ លោក Stoltenberg បាន​ឡើង​កាន់​តំណែង​ជា​អគ្គលេខាធិការ​យោធា NATO ដំបូង កាលពី​ឆ្នាំ​២០១៤ ក្រោយ​តែ ៤​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​រុស្ស៊ី បាន​ក្រសោប​យក​ជ្រោយ​ឧបទ្វីប​គ្រីមៀ ពី​អ៊ុយក្រែន។ អាណត្តិ​របស់​លោក Stoltenberg នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១ ខែ​តុលា បន្ទាប់ពី​ត្រូវ​បាន​អូស​បន្លាយ​ពេល​មួយ​រយៈ។ លោក Mark Rutte ឡើង​កាន់​តំណែង​មេដឹកនាំ​យោធា NATO ចំ​ពេល​រុស្ស៊ី គំរាម​ផ្ទុះ​សង្គ្រាម​នឹង​ក្រុម​បស្ចិម​ប្រទេស។ មាន​អាយុ ៥៧​ឆ្នាំ លោក Mark Rutte បាន​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ហុឡង់ដ៍ កាលពី​ឆ្នាំ​២០១២។ លោក​នឹង​ត្រូវ​ចប់​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​ហុឡង់ដ៍ នៅ​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ។ លោក​ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​អ្នក​នយោបាយ​អឺរ៉ុប​ដ៏​មាន​សមត្ថភាព ជា​មនុស្ស​ពូកែ​អូស​ទាញ​ឲ្យ​មាន​ការ​ស្រុះស្រួល​យោបល់​ជុំវិញ​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​រួម​គ្នា។ ក្នុង​កាលៈទេសៈ​នេះ NATO ពិត​ជា​ត្រូវការ​មនុស្ស​ដូច​លោក Mark Rutte មាន​សមត្ថភាព​ក្នុង​ការ​តស៊ូ​មតិ និង​ភាព​ប៉ិនប្រសព្វ​នៃ​ការ​ប្រមូល​មតិ​រួម​គ្នា​ទប់ទល់​ការ​គំរាម​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​ពី​សំណាក់​ប្រទេស​រុស្ស៊ី ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង វ៉្លាឌីមៀ ពូទីន។ អនាគត​មេដឹកនាំ NATO រូប​នេះ គឺជា​អ្នក​ចេញ​មុខ​គាំទ្រ​អ៊ុយក្រែន យ៉ាង​ខ្លាំង​ក្នុង​ចំណោម​មេដឹកនាំ​អឺរ៉ុប។ ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ហុឡង់ដ៍ លោក Mark Rutte បាន​សម្រេច​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅ​ជួយ​អ៊ុយក្រែន ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី។ មិន​តែប៉ុណ្ណោះ លោក​បាន​សម្របសម្រួល​ប្រទេស​ជាច្រើន​ជួយ​ប្រទេស​អ៊ុយក្រែន ធ្វើ​យ៉ាងណា​ឱ្យ​ទទួល​បាន​យន្តហោះ​ចម្បាំង F-16។ ប្រទេស ៣ ទៀត​នៅ​អឺរ៉ុប គឺ​ប្រទេស​ដាណឺម៉ាក ប្រទេស​បែលហ្សិក និង​ប្រទេស​ន័រវែស ក៏​បាន​សម្រេច​ផ្ដល់ F-16 ទៅ​ឱ្យ​អ៊ុយក្រែន ដែរ។ សរុប ៤​ប្រទេស​នេះ នឹង​បញ្ជូន F-16 ប្រហែល ៩០​គ្រឿង​ទៅ​អ៊ុយក្រែន។ គេ​រំពឹង​ថា យន្តហោះ​ចម្បាំង F-16 នឹង​ទៅ​ដល់​អ៊ុយក្រែន នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះ។ ចំណែក​លោក Stoltenberg អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​ន័រវែស ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៣ មាន​អាយុ ៦៥​ឆ្នាំ ក៏​ជា​មេដឹកនាំ​អឺរ៉ុប​ម្នាក់​មាន​បទពិសោធន៍​ការទូត​ខ្លាំង ជា​មនុស្ស​ដែល​ចេញ​មុខ​ខ្លាំង​ប្រឆាំង​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន។ តែ​ក្រុម​អ្នក​សង្កេតការណ៍​ថា​លោក Mark Rutte ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​អាច​និយាយ​សម្របសម្រួល​ជាមួយ​នឹង​លោក ដូណាល់ ត្រាំ បើ​លោក ត្រាំ ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខ​នេះ។ កាលពី​ពេល​ថ្មីៗ​នេះ លោក ត្រាំ គំរាម​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន ដោយ​បង្ខំ​អ៊ុយក្រែន បញ្ឈប់​សង្គ្រាម ហើយ​ទៅ​រក​តុ​ចរចា​ជាមួយ​រុស្ស៊ី ប្រសិនបើ​លោក​ឈ្នះ​ឆ្នោត​ក្នុង​ការ​ប្រកួត​យក​តំណែង​ពី​លោក ចូ បៃដិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស