9mm bet

33 C
Phnom Penh

លោក ហ៊ុន ម៉ាណែត អះអាង​ថា​ថៃ​នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា រដ្ឋាភិបាល​ថៃ នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត និង​បន្ត​ជំរុញ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​របស់​ថៃ និង​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន ដើម្បី​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ។ នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មិថុនា នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​នៃ​ព្រះរាជាណាចក្រ​ថៃ លោក Maris SANGIAMPONGSA ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ទៅ​ថ្ងៃ​មុខ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា រដ្ឋមន្ត្រី​ការបរទេស​ថៃ បញ្ជាក់​ថា ថៃ​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​បំពេញ​ការងារ​ឱ្យ​បាន​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ស្រប​ពេល​ដែល​កម្ពុជា-ថៃ បាន​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ទៅ​ជា “ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ” ដែល​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​រឹងមាំ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​យូរអង្វែង​ទៅ​ហើយ​នោះ។ នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ​បញ្ជាក់​ថា តាមរយៈ​ទំនាក់ទំនង​ដ៏​ល្អ​នេះ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ជាច្រើន ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ជា​បន្តបន្ទាប់ ខណៈ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន ទេសចរណ៍ សន្តិសុខ​ថាមពល និង​កិច្ច​សហប្រតិបត្តិការ​លើ​សកម្មភាព​បោស​សម្អាត​មីន​ក៏​ត្រូវ​បាន​លើកឡើង​ក្នុង​ជំនួប​នេះ​ដែរ។ ជុំវិញ​ទំនាក់ទំនង​កម្ពុជា និង​ថៃ ត្រូវ​បាន​ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា កំពុង​ស្ថិត​ក្នុង​ការ​សហការ​ដែល​អាច​នាំ​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ការ​ខាតបង់​ផលប្រយោជន៍​ទៅ​ថ្ងៃ​ក្រោយ។ ការ​ខាតបង់​ពី​ការ​សហការ​នេះ ដូចជា ការ​សហការ​ដាក់​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​ប្រទេស​ទាំង​ពីរ រកស៊ី​លើ​ការ​បូម​ប្រេង និង​ឧស្ម័ន រួម​ទាំង​ការ​សហការ​ផ្លាស់ប្ដូរ​សកម្មជន​នានា​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ទីផ្សារ Swap Mart របស់​ថៃ ដែល​បញ្ហា​ទាំង​ពីរ​នេះ​កំពុង​បង្ក​ជា​ក្តី​បារម្ភ​សម្រាប់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។ កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ និង​បាន​ប្រកាស​ជា​សាធារណៈ​ថា រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ បាន​ឯកភាព​គ្នា​ទាញ​យក​ផល​ប្រេងកាត​លើ​តំបន់​ត្រួត​ស៊ី​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។ លោក​បន្ថែម​ថា ការ​ព្រមព្រៀង​គ្នា​ជាមួយ​ភាគី​ថៃ យក​ប្រេង​នៅ​តំបន់​ត្រួត​ស៊ី​គ្នា​មក​ជា​ការ​សហការ​គ្នា​រកស៊ី​នេះ គឺ​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ទាំងស្រុង ព្រោះ​ថា​នៅ​តំបន់​ត្រួត​ស៊ី​គ្នា​នេះ ក្រៅពី​ប្រេងកាត ក៏​មាន​ឧស្ម័ន​ធម្មជាតិ​ជាច្រើន​ដែរ ហើយ​ប្រសិនបើ​កម្ពុជា​ទទួល​បាន​ប្រេងកាត និង​ឧស្ម័ន នោះ​កម្ពុជា​នឹង​លក់​ដើម្បី​ប្រមូល​ថវិកា​ចូល​រដ្ឋ​ទាំងអស់។ ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ព្រំដែន​ទឹក​រវាង​កម្ពុជា-ថៃ ព្រោះ​ថា​បើ​កម្ពុជា​យក​តំបន់​ត្រួត​ស៊ី​គ្នា​ទៅ​រកស៊ី​ជាមួយ​ថៃ កម្ពុជា​នឹង​បាត់​ដែនទឹក​របស់​ខ្លួន​ទៅ​ប្រទេស​ថៃ ក្នុង​ទំហំ ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា​បន្ថែម​ទៀត ស្រប​ពេល​ដែល​កម្ពុជា​បាន​បាត់​ដែនទឹក​របស់​ខ្លួន​ទំហំ ៣​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​កាលពី​អំឡុង​ឆ្នាំ​១៩៩៧ ទៅ​ប្រទេស​ថៃ ម្តង​រួច​ទៅ​ហើយ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស