9mm bet

33 C
Phnom Penh

លោក ហ៊ុន សែន អះអាង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់​ខ្ជាប់​ឧត្តមគតិ​ឈរ​នៅ​ខាង​ប្រជាជន​ជានិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​ឧត្តមគតិ​ឈរ​ខាង​ប្រជាជន ដោយ​រួម​សុខ​ទុក្ខ ដោយ​ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញរា​ដើម្បី​កម្ពុជា​មាន​សន្តិភាព។ លោក ហ៊ុន សែន លើកឡើង​នៅ​ក្នុង​ពិធី​ខួបកំណើត ៧៣​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ​ថា ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ ក៏​បក្ស​កាន់​អំណាច​នៅតែ​រក្សា​ខ្ជាប់​នូវ​ឧត្តមគតិ កសាង និង​ការពារ​ប្រទេស​កម្ពុជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម។ លោក ហ៊ុន សែន លើកឡើង​ថា ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​វាល​ពិឃាត​នៃ​របប​ប្រល័យ​ពូជសាសន៍ ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​ការ​បែកបាក់​ជាតិ និង​គំនរ​ផេះផង់​ទៅ​ជា​ទឹកដី​សន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។ លោក​អះអាង​ថា សន្តិភាព​ដែល​សម្រេច​បាន​យ៉ាង​លំបាក​បំផុត​ដោយ​ខ្មែរ​ខ្លួនឯង​នេះ និង​សមិទ្ធផល​ដ៏​ធំធេង​នៃ​ការ​ស្ដារ កសាង និង​អភិវឌ្ឍ​សង្គម​ជាតិ បាន​បញ្ជាក់​ច្បាស់​នូវ​សច្ចធម៌​មួយ គឺ​ខ្មែរ​អាច​ធ្វើ​បាន​នូវ​អ្វីៗ​គ្រប់​យ៉ាង ឱ្យ​តែ​ខ្មែរ​មាន​សាមគ្គីភាព មាន​ភាព​ជឿជាក់​លើ​បុព្វហេតុ​របស់​ខ្លួន ហើយ​រួម​គ្នា​ដើរ​ទៅ​មុខ​លើ​វិថី​មួយ​ដ៏​ត្រឹមត្រូវ។ ប៉ុន្តែ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​លើកឡើង​ថា​នៅ​ថ្ងៃទី​២៨ មិថុនា នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា គឺ​ជា​គណបក្ស​ដែល​បង្កើត​ឡើង​ដោយ​លោក សឺង ងុកម៉ិញ ជា​ជនជាតិ​វៀតណាម។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ឥណ្ឌូចិន​របស់​វៀតណាម ដែល​មាន​មេដឹកនាំ​វៀតណាម លោក ហូ ជី ម៉ិញ។ លោក សម រង្ស៊ី លើកឡើង​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ជា​សាខា​របស់​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ក្នុង​បំណង​ត្រួតត្រា​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។ លោក​ថា វៀតណាម​បាន​បង្កើត​បក្ស​នេះ​សម្រាប់​ឱ្យ​វៀតណាម បង្កប់ និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​វៀតណាម ក្នុង​ការ​ត្រួតត្រា​ទឹកដី​ខ្មែរ​ដោយ​ប្រើ​គណបក្ស​នេះ​ជា​ខែល​តែប៉ុណ្ណោះ។ អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ​រៀបរាប់​ថា ចាប់តាំងពី​ឆ្នាំ​១៩៥១ ដល់​ឆ្នាំ​១៩៥៤ គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ជា​ខែល​លាក់​បង្កប់​កងទ័ព​វៀតណាម វាយប្រហារ​កង​កម្លាំង​រាជរដ្ឋាភិបាល​ខ្មែរ​របស់​សម្តេច​ព្រះ នរោត្តម សីហនុ នា​ពេល​នោះ។ លោក សម រង្ស៊ី បញ្ជាក់​ថា ទោះបី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ហើយ​ក៏ដោយ ក៏​កងទ័ព​វៀតណាម ដែល​ជ្រក​ក្រោម​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​បំបែក​ទឹកដី​ជា​ពីរ ដោយ​មួយ​ផ្នែក​ប្រគល់​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​គ្រប់គ្រង និង​មួយ​ផ្នែក​ទៀត​គណបក្ស​នេះ​ជា​អ្នក​គ្រប់គ្រង​ដោយ​មាន​រដ្ឋាភិបាល​វៀតណាម នៅ​ពីក្រោយ​ដែរ។ អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន អះអាង​ថា ក្រោម​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ទាំងនេះ រដ្ឋាភិបាល​វៀតណាម បាន​កាត់​ឆ្វៀល​យក​ទឹកដី​ខ្មែរ​ជាច្រើន​អន្លើ ដូចជា កោះត្រល់ ចង្កោម​កោះ​ក្រចកសេះ ដែនអាកាស ព្រមទាំង​ដាក់​ផ្ទៃសមុទ្រ​ទំហំ ១​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ឲ្យ​ទៅ​ជា​ដែនទឹក​រួម​គ្នា​ជាមួយ​វៀតណាម ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស