9mm bet

33 C
Phnom Penh

តុលាការ ICC ចេញ​ដីកា​ចាប់​ខ្លួន​អតីត​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុស្ស៊ី និង​នាយ​អគ្គសេនាធិការ​យោធា​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃទី​២៦ មិថុនា តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ហៅ​កាត់​ថា ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុស្ស៊ី លោក Sergei Shoigu និង​នាយអគ្គសេនាធិការ​យោធា​រុស្ស៊ី លោក​នាយ​ឧត្តមសេនីយ៍ Valery Gerasimov ដែល​នាំ​ឱ្យ ICC ចេញ​ដីកា​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​រុស្ស៊ី កើន​ឡើង ៤​រូប។ តុលាការ ICC បាន​ប្រកាស​ចោទប្រកាន់​មេ​ទ័ព​រុស្ស៊ី ទាំង​ពីរ​រូប​នេះ​ពាក់ព័ន្ធ​ការ​វាយប្រហារ​ដោយ​មីស៊ីល​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​របស់​ប្រទេស​អ៊ុយក្រែន រវាង​ខែ​តុលា ឆ្នាំ​២០២២ និង​ខែ​មីនា ឆ្នាំ​២០២៣។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ ICC បាន​និយាយ​ថា លោក Shoigu និង​លោក Gerasimov ត្រូវ​បាន​ជាប់​ចោទ ហើយ​ត្រូវតែ​ទទួល​ខុសត្រូវ​ក្នុង​ការ​វាយប្រហារ​ដោយ​ផ្ទាល់​ទៅ​លើ​គោលដៅ​ស៊ីវិល និង​បាន​ធ្វើ​ឱ្យ​មាន​ការ​រងគ្រោះ​យ៉ាង​ខ្លាំង​លើ​ជនស៊ីវិល ដែល​អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ តែ​យ៉ាងណា លោក Shoigu ត្រូវ​បាន​លោក Vladimir Putin ដក​តំណែង​លោក​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ក្នុង​ផ្នែក​មួយ​នៃ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី នៅ​ពេល​ដែល​លោក ពូទីន ចាប់ផ្តើម​អាណត្តិ​ថ្មី​របស់​លោក​ជា​ប្រធានាធិបតី​សហព័ន្ធ​រុស្ស៊ី។ កាលពី​ខែ​មីនា ឆ្នាំ​២០២៣ តុលាការ ICC ដដែល​នេះ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​រុស្ស៊ី ដែល​បញ្ជា​ឱ្យ​លើក​ទ័ព​វាយ​ចូល​ប្រទេស​អ៊ុយក្រែន ហើយ​បង្ក​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ។ ដីកា​របស់​តុលាការ​អន្តរជាតិ​នេះ បាន​ចោទ​លោក ពូទីន ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ករណី​ប្រឆាំង​មនុស្ស​ជាតិ​ពាក់ព័ន្ធ​ការ​ចាប់​ពង្រត់​កុមារ​អ៊ុយក្រែន ច្រើន​ម៉ឺន​នាក់​ពី​ម្ដាយ​ឪពុក​របស់​ពួកគេ។ ក្នុង​សំណុំរឿង​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​លោក ពូទីន ក៏​មាន​អ្នកស្រី Maria Lvova-Belova ប្រធាន​ស្នងការ​សិទ្ធិ​កុមារ​នៃ​ប្រទេស​រុស្ស៊ី ក៏​ត្រូវ​បាន​តុលាការ ICC ចេញ​ដីកា​ចាប់​ខ្លួន​ដែរ។ បច្ចុប្បន្ន ប្រទេស​ជា​ហត្ថលេខី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម ជា​ប្រទេស​ចូលរួម​បង្កើត​តុលាការ ICC មាន ១២៤​ប្រទេស។ យោង​តាម​លក្ខន្តិកៈ​ក្រុង​រ៉ូម ប្រទេស​ទាំង ១២៤ នេះ មាន​កាតព្វកិច្ច​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​តាម​ដីកា​ចាប់​ខ្លួន​របស់ ICC។ សំណុំរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន នៅ​មាន​ឧត្តមសេនីយ៍​រុស្ស៊ី ជាច្រើន​នាក់ ក៏​អាច​ប្រឈមមុខ​នឹង​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ដោយ​តុលាការ ICC ផង​ដែរ។ អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​សង្គ្រាម​ថា​ករណី​លោក ពូទីន ដូច​នឹង​សំណុំរឿង​របស់​លោក Milosevic បើ​លោក ពូទីន អស់​អំណាច។ ពិភពលោក​ចេះ​តែ​សម្លឹង​ទៅ​រក​មេដឹកនាំ​ផ្ដាច់ការ​ជាច្រើន​ដែល​គួរ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាត់ទោស​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC មាន​ដូចជា អតីត​មេដឹកនាំ​ប្រទេស​ស៊ូដង់ Omar Hassan Ahmad al-Bashir អតីត​ប្រធានាធិបតី​ប្រទេស​ហ្ស៊ីមបាវ៉េ Robert Mugabe អតីត​មេដឹកនាំ​ប្រទេស​អេហ្ស៊ីប ហូស្នីមូបារ៉ាក អតីត​មេដឹកនាំ​ហ្វីលីពីន ដ្រូឌ្រីងហ្គូ ឌូទើតេ ប្រធានាធិបតី​ប្រទេស​ស៊ីរី Bashar al-Assad មេដឹកនាំ​របប​សឹក​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ មេដឹកនាំ​ទាំងនេះ​ត្រូវ​បាន​រាប់​ជា​មេដឹកនាំ​ដែល​ស្ថិត​បញ្ជី​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ រក​ឃើញ​ថា​ជា​មេដឹកនាំ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​កាន់​អំណាច ដែល​បង្កើត​ឱ្យ​មាន​ការ​ធ្វើ​ទារុណកម្ម និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ។ ក្នុង​ចំណោម​មេដឹកនាំ​ទាំងនោះ ក៏​មាន​មេដឹកនាំ​ខ្លះ​រង​បទ​ចោទ​រួច​ទៅ​ហើយ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ប៉ុន្តែ​ពួកគេ​មិន​មាន​វាសនា​នាំ​ខ្លួន​ទៅ​កាត់ទោស​ទេ ដោយសារ​មេដឹកនាំ​ជំនាន់​ក្រោយ​ការពារ ព្រោះតែ​ជាប់​សែស្រឡាយ​របស់​ពួកគេ។ ម្យ៉ាង​ទៀត មេដឹកនាំ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ចាប់​ខ្លួន​របស់ ICC ពួកគេ​មិន​ព្យាយាម​ចាកចេញ​ពី​ប្រទេស​នោះ​ទេ ហើយ​បើ​ចេញពី​ប្រទេស គឺ​ច្រើន​តែ​ទៅ​កាន់​ប្រទេស​ដែល​ផ្ដាច់ការ​ដូច​គ្នា។ តែ​យ៉ាងហោចណាស់​ក៏​មាន​មេដឹកនាំ​មួយ​ចំនួន​ផង​ដែរ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាត់ទោស​នៅ​តុលាការ​អន្តរជាតិ ICC នៅ​ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។ មេដឹកនាំ​ទាំងនោះ​ក៏​មាន​អតីត​មេដឹកនាំ​ហ្សែប៊ី និង​ប្រទេស​យូហ្គោស្លាវី លោក Slobodan Milosevic ផង​ដែរ។ អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​សង្គ្រាម គឺ​លោក Wayne Jordash ជា​មេធាវី​មកពី​ប្រទេស​អង់គ្លេស ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​ប្រទេស​អ៊ុយក្រែន កាលពី​ចុង​ឆ្នាំ​២០២៣ ថា មាន​ជម្រើស​ពីរ​ដែល​ត្រូវការ​បើក​ការ​ជំនុំជម្រះ​ក្ដី​លើ​លោក ពូទីន គឺ​ត្រូវ​រង់ចាំ​ដល់​លោក ពូទីន ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ទៅ​កាន់​ប្រទេស​ណា​ដែល​រដ្ឋអាជ្ញា​តុលាការ ICC អាច​ចូល​ទៅ​បាន ហើយ​អាជ្ញាធរ​ប្រទេស​នោះ​ត្រូវ​ជួយ​សហការ​ឃាត់​ខ្លួន​លោក ពូទីន។ ចំពោះ​ជម្រើស​ទី​ពីរ លោក​ថា​គេ​ត្រូវ​រង់ចាំ​ប្រទេស​រុស្ស៊ី មាន​មេដឹកនាំ​ថ្មី ដែល​អាច​សហការ​ជាមួយ​តុលាការ ICC ឃាត់​ខ្លួន​លោក ពូទីន ខណៈ​លោក ពូទីន អស់​អំណាច។ តែ​ជាមួយ​គ្នា​នេះ អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ​រូប​នេះ ដាក់​ការ​សង្ឃឹម​ទៅ​លើ​ប្រធាន​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC គឺ​លោក Karim Khan ដែល​នឹង​អាច​នាំ​ទៅ​រក​ការ​បើក​សាលាក្ដី​អន្តរជាតិ​កាត់​ក្ដី​លោក ពូទីន និង​មេ​ទ័ព​របស់​លោក ពូទីន ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅ​អ៊ុយក្រែន។ លោក Karim Khan ជា​ប្រធាន​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC។ លោក​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន និង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​កុមារ​នៃ​ប្រទេស​រុស្ស៊ី ពី​បទ​ប្រឆាំង​មនុស្ស​ជាតិ​នៅ​អ៊ុយក្រែន គឺ​លោក Karim Khan ជា​អ្នក​ផ្ដួចផ្ដើម​គំនិត។ លោក ពូទីន ត្រូវ​ទទួល​ខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​អ៊ុយក្រែន។ លោក ពូទីន មាន​ចេតនា​ក្នុង​ការ​ចាប់​ពង្រត់​កុមារ​ពី​ស្រុក​កំណើត​ដែល​ពួកគេ​រស់នៅ។ នេះ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ភស្តុតាង​បាន​បង្ហាញ​ពី​ការ​ប៉ះពាល់​ខ្លាំង​ទៅ​កុមារ និង​ប្រជាជន​អ៊ុយក្រែន។ ដូចនេះ ការ​សម្លាប់​រង្គាល​ប៉ះពាល់​លើ​ប្រជាជន​អ៊ុយក្រែន ជា​បទឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ជា​ប្រព័ន្ធ​ដោយ​មាន​ផែនការ​រៀប​ទុក​ជា​មុន ក្រោម​ការ​បញ្ជា​របស់​របប​នៅ​ក្រុង​មូស្គូ។ បើ​វា​មិន​មាន​ការ​សម្លាប់​រង្គាល គឺ​ពុំ​មាន​ស្រមោល​នៃ​ភស្តុតាង​ទេ។ ចារី​នៃ​បទ​ឧក្រិដ្ឋកម្ម គឺ​ជា​ជន​ត្រូវ​ចោទ​ដែល​ធ្វើ​តាម​គោលនយោបាយ​ក្រោម​បញ្ជា​របស់​រដ្ឋ​រុស្ស៊ី និង​លោក ពូទីន។ វា​ជា​ឧក្រិដ្ឋកម្ម​ដែល​កើត​ឡើង​ដដែលៗ ហើយ​មាន​ជា​ប្រព័ន្ធ។ ដូច​នេះ​ហើយ​គេ​ថា​វា​ជា​យុទ្ធនាការ​របស់​រុស្ស៊ី គឺ​វា​ប្រាកដ​ណាស់​ចំពោះ​លោក ពូទីន ដែល​ជាប់​ចោទ​ឧក្រិដ្ឋកម្ម​លើ​ប្រជាជន​អ៊ុយក្រែន។ តាម​លោក​មេធាវី Wayne Jordash អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ រឿងក្ដី​ឧក្រិដ្ឋ​ដ៏​ធំ​ដូច​សំណុំរឿង​របស់​លោក ពូទីន ដែល​ស្ថិត​ក្នុង​ដៃ​របស់​លោក Karim Khan រដ្ឋអាជ្ញា​នៃ​តុលាការ ICC គឺ​លោក Karim Khan តែងតែ​បាន​ជោគជ័យ។ តែ​បែប​នេះ​ក្ដី ទីក្រុង​មូស្គូ ប្រឆាំង​ដាច់ខាត​ការ​ចេញ​ដីកា​ចាប់​ខ្លួន​របស់ ICC ទៅ​លើ​មេដឹកនាំ និង​ឧត្តមសេនីយ៍​រុស្ស៊ី ដោយ​គំរាម​ថា​នឹង​សងសឹក​ទៅ​លើ​លោក​រដ្ឋអាជ្ញា Karim Khan។ ជា​ការ​សងសឹក គឺ​របប​នៅ​ក្រុង​មូស្គូ ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក Karim Khan តប​វិញ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស