9mm bet

33 C
Phnom Penh

ការ​បោះឆ្នោត​នៅ​អាមេរិក៖ បេក្ខជន​ប្រធានាធិបតី​អាណត្តិ​ថ្មី​នេះ​សុទ្ធតែ​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ គូប្រកួត​នៅ​ពេលនេះ គេ​រំពឹង​ថា​មាន​តែ​ពីរ​រូប​ប៉ុណ្ណោះ គឺ​លោក ចូ បៃដិន និង​លោក ដូណាល់ ត្រាំ។ លោក បៃដិន ជា​បេក្ខជន​កំពុង​កាន់​អំណាច​មកពី​គណបក្ស​ប្រជាធិបតេយ្យ ចំណែក​លោក ដូណាល់ ត្រាំ ជា​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​ចាញ់​ឆ្នោត​លោក ចូ បៃដិន នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០។ យ៉ាងណា លោក ត្រាំ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដោយ​បាន​ផ្ដួល​គូប្រកួត គឺ​អតីត​រដ្ឋមន្ត្រី​ការបរទេស អ្នកស្រី Hillary Clinton ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ។ លើក​នេះ លោក ដូណាល់ ត្រាំ បាន​ក្លាយ​ជា​បេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋ​ម្ដង​ទៀត ដោយ​បាន​ឆ្លងកាត់​ការ​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ផ្ទៃក្នុង​បក្ស​តាម​រដ្ឋ ដោយ​ឈ្នះ​លើ​បេក្ខជន​យ៉ាងតិច​បី​រូប​រួច​មក​ហើយ។ អ្វី​ដែល​អ្នក​សង្កេតការណ៍​ភ្ញាក់ផ្អើល​ចំពោះ​ការ​បោះឆ្នោត​នៅ​អាមេរិក គឺ​បេក្ខជន ២​រូប​នេះ​មាន​វ័យ​ចាស់​ខ្លាំង​ណាស់​ទៅ​ហើយ។ លោក បៃដិន មាន​វ័យ ៨២​ឆ្នាំ​ហើយ ចំណែក​លោក ដូណាល់ ត្រាំ មាន​វ័យ ៧៨​ឆ្នាំ។ បើ​លោក បៃដិន ឈ្នះ​ឆ្នោត​មួយ​អាណត្តិ​ទៀត ហើយ​លោក​អាច​កាន់​អំណាច​រហូត​ដល់​ពេញ​អាណត្តិ​ទី​២ របស់​លោក គឺ​លោក​នឹង​មាន​អាយុ​រហូត​ដល់​ទៅ ៨៦​ឆ្នាំ។ តែ​យ៉ាងណា អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា សុខភាព​អ្នក​នយោបាយ​ទាំង​ពីរ​នេះ​ស័ក្ដិសម​ប្រកួត​គ្នា​ជា​ខ្លាំង ព្រោះ​វ័យ​ចាស់​ដូច​គ្នា ប៉ុន្តែ​លោក ដូណាល់ ត្រាំ មាន​សុខភាព​រឹងមាំ​ជាង​លោក បៃដិន។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ មិថុនា បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​រូប​ដែល​សុទ្ធតែ​មាន​វ័យ​ចាស់​ដូច​គ្នា បាន​ឡើង​លើ​វេទិកា​មួយ​របស់​បណ្ដាញ​ទូរទស្សន៍ CNN ដែល​គេ​ហៅ​ថា Presidential Debate ឬ​វេទិកា​ឈ្លេចសួរ និង​ការ​បកស្រាយ។ វត្តមាន​របស់​បេក្ខជន​ទាំង​ពីរ​រូប​នេះ​បាន​ទាក់ទាញ​ខ្លាំង​ដល់​ពលរដ្ឋ​អាមេរិកាំង​រាប់​រយ​លាន​នាក់ រួម​ទាំង​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​ក្រៅ​ប្រទេស​ទៀត​ផង។ ដោយ​ឆ្លងកាត់​សំណួរ​ជាច្រើន​របស់​អ្នក​សម្របសម្រួល​នៃ​បណ្ដាញ​ទូរទស្សន៍ CNN ដែល​បាន​ចោទ​សួរ​ឱ្យ​បេក្ខជន​ទាំង​ពីរ​បកស្រាយ រួម​ទាំង​ការ​បង្ហាញ​គោលការណ៍​ដឹកនាំ​សហរដ្ឋ​អាមេរិក​រយៈពេល ៤​ឆ្នាំ​ខាង​មុខ​ទៀត​លើ​វិស័យ​សេដ្ឋកិច្ច បញ្ហា​សង្គមកិច្ច បញ្ហា​សន្តិសុខ​ផ្ទៃក្នុង​សហរដ្ឋ​អាមេរិក វិស័យ​ការទូត​សកល វិស័យ​សន្តិសុខ​ពិភពលោក ការ​ពង្រឹង​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​សហរដ្ឋ​អាមេរិក និង​ក្រៅ​ប្រទេស ដែល​សុទ្ធតែ​ជា​រឿង​ក្ដៅ​គគុក។ ប៉ុន្តែ​បេក្ខជន​ទាំង​ពីរ​ក៏​បាន​ចោទ​សួរ​គ្នា​ក្រៅពី​ការ​ចោទ​សួរ​របស់​អ្នក​សម្របសម្រួល​ទៀត​ផង។ ឆ្លងកាត់​សំណួរ​របស់​អ្នក​សម្របសម្រួល បេក្ខជន​ទាំង​ពីរ​បាន​លើកឡើង​នូវ​អំណះអំណាង​មក​លាតត្រដាង​នូវ​អ្វី​ដែល​ពួកគាត់​បាន​ឆ្លងកាត់​ជា​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ដូច​គ្នា ព្រោះ​លោក ត្រាំ ក៏​បាន​ឆ្លងកាត់​ការ​ដឹកនាំ​សហរដ្ឋ​អាមេរិក រយៈពេល ៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​លើកឡើង​នូវ​ចំណុច​គុណវិបត្តិ​ប៉ះទង្គិច​គ្នា ដែល​ជា​ការ​បង្ក​ឱ្យ​វេទិកា​នេះ​ផ្ទុះ​ភាព​តានតឹង ដូចជា​ការ​ប្រើ​វោហារសាស្ត្រ​វាយប្រហារ​គ្នា​ពី​រឿងរ៉ាវ​ឯកជនភាព​ទៀត​ផង។ ភាព​តានតឹង​នេះ បាន​នាំ​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​ដែល​សម្លឹង​ទៅ​រក​ការ​បោះឆ្នោត​នៅ​ដើម​ខែ​វិច្ឆិកា ខាងមុខ​នេះ កាន់តែ​តាមដាន​ខ្លាំង​ឡើង​នូវ​យុទ្ធនាការ​ឃោសនា​របស់​បេក្ខជន​ទាំង​ពីរ​រូប​នេះ។ យ៉ាងណា ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ពួកគាត់​មាន​ការ​លេច​ឡើង​នៅ​លើ​វេទិកា Presidential Debate របស់​បណ្ដាញ​ទូរទស្សន៍ CNN។ អ្នក​សង្កេតការណ៍​មើល​ឃើញ​ចំណុច​ខ្លាំង​របស់​លោក ដូណាល់ ត្រាំ គឺ​លើ​វិស័យ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក ទាំង​សេដ្ឋកិច្ច​ផ្ទៃក្នុង និង​ក្រៅ​ប្រទេស​ដែល​អាច​ទប់ទល់​បាន​អតិផរណា​ទីផ្សារ និង​ការ​ពង្រីក​ជំនួញ​ទៅ​ក្រៅ​ប្រទេស។ តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ចំណុច​ខ្លាំង​របស់​លោក ចូ បៃដិន ដែល​ល្អ​ជាង​លោក ត្រាំ គឺ​វិស័យ​ការទូត​បរទេស ដែល​លោក ចូ បៃដិន ធ្វើ​ឱ្យ​កម្លាំង​បស្ចិម​ប្រទេស និង​អង្គការ​យោធា​ណាតូ​កាន់តែ​រឹងមាំ ហើយ​កាន់តែ​ពង្រីក​បាន​ដៃគូ​សម្ព័ន្ធភាព​ថែម​ទៀត ជាពិសេស​ជុំវិញ​មហាអំណាច​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ដែល​មហាអំណាច​មួយ​នេះ​ប្រើ​កម្លាំង​ទ័ព​រយៈពេល​ជិត ២៩​ខែ​ហើយ​នៅតែ​មិន​អាច​ផ្ដួល​អ៊ុយក្រែន បាន ដែល​គេ​ថា​សម​ណាស់​ដែល​រុស្ស៊ី អាច​ផ្តួល​អ៊ុយក្រែន ក្នុង​រយៈពេល ៣​ខែ​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​លោក ដូណាល់ ត្រាំ បាន​សើច​ចំអក​ចំពោះ​ការ​ចំណាយ​ធនធាន​របស់​សហរដ្ឋ​អាមេរិក​យ៉ាង​សម្បើម​ដែល​រដ្ឋការ​របស់​លោក ចូ បៃដិន ជួយ​អ៊ុយក្រែន មិន​បាន​មើល​ផ្លូវ​វែងឆ្ងាយ ព្រោះ​អ៊ុយក្រែន ពុំ​មាន​លទ្ធភាព​ឈ្នះ​សង្គ្រាម​លើ​ប្រទេស​រុស្ស៊ី នោះ​ទេ។ បន្ថែម​លើស​ពី​នេះ លោក ត្រាំ សន្យា​ថា​នឹង​ធ្វើ​ឱ្យ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន បិទ​បញ្ចប់​ភ្លាមៗ ប្រសិនបើ​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី។ ត្រង់​ចំណុច​នេះ លោក ត្រាំ បង្ខំ​ឱ្យ​អ៊ុយក្រែន ទៅ​រក​តុ​ចរចា ហើយ​បើ​អ៊ុយក្រែន មិន​ព្រម​ចរចា លោក​ថា​សហរដ្ឋ​អាមេរិក​បញ្ឈប់​ភ្លាម​ការ​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន។ តែ​លោក ត្រាំ ក៏​បង្ខំ​ឱ្យ​រុស្ស៊ី បញ្ចប់​សង្គ្រាម​ដែរ គឺ​ត្រូវ​ដក​ទ័ព​ចេញពី​អ៊ុយក្រែន។ លោក ត្រាំ អួត​ថា​បើ​លោក​នៅតែ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក គឺ​រុស្ស៊ី មិន​អាច​បង្ក​សង្គ្រាម​បាន​ឡើយ។ លោក​អះអាង​ថា លោក​ជា​មេដឹកនាំ​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​គោរព​គ្នា​ទៅវិញ​ទៅមក។ យ៉ាងណា លោក ចូ បៃដិន បាន​ហៅ​លោក ត្រាំ ថា​ជា​ប្រធានាធិបតី​ចុងប៉ូច​គេ​ហើយ​នៃ​ប្រវត្តិសាស្ត្រ​អាមេរិក​ដែល​មាន​អត្តចរិត​អាក្រក់ ឱ្យ​តម្លៃ​មេដឹកនាំ​ផ្ដាច់ការ​ដូច​លោក ពូទីន ជាដើម។ លោក បៃដិន ថា​រូបលោក និង​រដ្ឋការ​របស់​លោក​ដែល​សហការ​ជាមួយ​សម្ព័ន្ធភាព​ប្រឆាំង​ដាច់ខាត​មិន​ឱ្យ​មេដឹកនាំ​ផ្ដាច់ការ​ដូច​លោក ពូទីន មាន​ឥទ្ធិពល​ឡើយ។ លោក បៃដិន អះអាង​ថា រុស្ស៊ី ក៏​គ្មាន​លទ្ធភាព​ឈ្នះ​សង្គ្រាម​ដែរ ដរាប​ណា​កម្លាំង​សម្ព័ន្ធភាព​រួម​គ្នា​ការពារ​អ៊ុយក្រែន។ លោក​វាយប្រហារ​លោក ត្រាំ ថា​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​មិន​ចេះ​ការពារ​សេរីភាព​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​ក្នុង​លោក ព្រោះ​តែ​មាន​ឥរិយាបថ​ត្រូវរ៉ូវ​នឹង​អំពើ​អយុត្តិធម៌ គោរព​ជន​ផ្ដាច់ការ មាន​គំនិត​អាក្រក់​ដូច​ជន​ផ្ដាច់ការ ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក បាន​កត់ត្រា​កន្លង​មក​រួច​ហើយ​ថា​ប្រធានាធិបតី​ណា​ដែល​មាន​ចរិត​មិន​ល្អ មិន​សម​ដឹកនាំ​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​ឡើយ។ ទោះជា​បែប​នេះ​ក្ដី ការ​ឆ្លងកាត់​វេទិកា Presidential Debate របស់​បណ្ដាញ​ទូរទស្សន៍ CNN គេ​រក​ឃើញ​ចំណុច​គុណវិបត្តិ​មួយ​របស់​លោក ចូ បៃដិន គឺ​បញ្ហា​វ័យ និង​សុខភាព​របស់​លោក ដែល​ធ្វើ​ឱ្យ​លោក​ចុះ​ខ្សោយ​បញ្ញា និង​ស្មារតី។ យោង​តាម​ការ​ស្ទង់មតិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សហរដ្ឋ​អាមេរិក អ្នក​បោះឆ្នោត​បារម្ភ​ថា តើ​លោក បៃដិន មាន​ស្មារតី​រឹងមាំ​កម្រិត​ណា​នៅ​ពេល​ដែល​គាត់​ឈាន​ដល់​ទៅ​អាយុ ៨២​ឆ្នាំ​ទៅ​ហើយ ដែល​ពេល​ខ្លះ​គេ​ថា​លោក​មាន​ការ​ភ្លេចភ្លាំង។ ការ​ភ្លេចភ្លាំង​នេះ ក៏​គេ​ថា​ស្ថិត​នៅ​ក្នុង​វ័យ​ដ៏​ចំណាស់​របស់​មនុស្ស។ អ្វី​ដែល​កំពុង​ចោទ​ជា​បញ្ហា គឺ​លោក ចូ បៃដិន មាន​វ័យ​ចាស់​ដល់​ទៅ ៨២​ឆ្នាំ រហូត​ដល់​បក្ស​ប្រជាធិបតេយ្យ​ត្រៀម​ជើង​ព្រួល​សម្រាប់​បេក្ខជន​បម្រុង​នៅ​ពេល​ដែល​លោក បៃដិន មាន​ភាព​ញីញ័រ​នឹក​រក​ពាក្យ​និយាយ​ក្នុង​ការ​ជជែក​ដេញដោល​លើក​ទី​១ ជាមួយ​លោក ដូណាល់ ត្រាំ។ តែ​យ៉ាងណា សន្លឹកឆ្នោត​របស់​ប្រជាជន​អាមេរិក ក៏​វា​អាច​ផ្អៀង​ទោរទន់​ទៅ​រក​ស្ថានការណ៍​ជាក់ស្ដែង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​នោះ​តែម្ដង។ អ្វី​ដែល​គេ​ថា​លោក ចូ បៃដិន ថមថយ​ប្រជាប្រិយភាព​បន្តិច​ជាង​លោក ដូណាល់ ត្រាំ គឺ​អាច​មាន​កត្តា​ច្រើន​យ៉ាង​លើស​ពី​កត្តា​សុខភាព​ទៅ​ទៀត គឺ​សេដ្ឋកិច្ច ផ្ទៃក្នុង​របស់​សហរដ្ឋ​អាមេរិក​ដែល​រដ្ឋការ​របស់​លោក បៃដិន នៅ​មិន​ទាន់​ស្ដារ​បាន​ល្អ​ប្រសើរ នៅ​ខណៈ​ដែល​អាមេរិក​ក៏ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ពិភពលោក បាន​ឆ្លងកាត់​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ-១៩។ សម្រាប់​លោក បៃដិន អះអាង​ថា លោក​នឹង​ផ្ដួល​លោក ត្រាំ ម្ដង​ទៀត​នៅ​ថ្ងៃ​បោះឆ្នោត ខណៈ​លោក ត្រាំ សង្ឃឹម​រឹងមាំ​ថា​លោក​ពិត​ជា​ឈ្នះ​លោក បៃដិន ហើយ​នៅ​ក្នុង​ការ​ប្រកួត​គ្នា​លើក​ទី​២ នេះ នៅ​ថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខ​នេះ។ ទោះជា​បែប​នេះ​ក្ដី អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ប្រជាប្រិយភាព​របស់​បេក្ខជន​ទាំង​ពីរ​នឹង​ធ្វើ​ឱ្យ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អាច​ស្ថិត​ក្នុង​ភាព​ប្រផិតប្រផើយ​ម្ដង​ទៀត អាច​ថា​ការ​ចាញ់​ឈ្នះ​គ្នា​រវាង​លោក ត្រាំ និង​លោក បៃដិន អាច​មាន​រវាង ១% ទៅ ៥% ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស