9mm bet

33 C
Phnom Penh

លោក ជូង ជូងី ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ​ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជូង ជូងី ដែល​គេ​ស្គាល់​ថា​ជា​មេធាវី​ហ៊ាន​ចេញ​មុខ​ការពារ​ក្តី​ឲ្យ​ជនរងគ្រោះ​ក្នុង​ទំនាស់​ដីធ្លី និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​កម្ពុជា ប្រកាស​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ដើម្បី​ស្វែងរក​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។ លោក ជូង ជូងី បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៤ ដោយ​ស្នើសុំ​ចូល​ជា​សមាជិក​គណបក្ស​កម្លាំង​ជាតិ ក្រោម​ហេតុផល​ថា គណបក្ស​កម្លាំង​ជាតិ មាន​ជំហរ​នយោបាយ​រឹងមាំ ច្បាស់លាស់ ដែល​ជា​សក្ដានុពល​ដ៏​ចម្បង​មួយ​ក្នុង​ការ​តស៊ូ​នយោបាយ​ដើម្បី​សេរីភាព និង​ប្រជាធិបតេយ្យ។ លោក ជូង ជូងី បញ្ជាក់​ថា គណបក្ស​កម្លាំង​ជាតិ ជា​គណបក្ស​មាន​ឆន្ទៈ​ខ្ពស់ មាន​មនសិការ​ជាតិ​ពិតប្រាកដ ហ៊ាន​ប្រឈម​ក្នុង​ការ​តស៊ូ​នយោបាយ​ដើម្បី​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន និង​មាន​ទឹកចិត្ត​ស្រឡាញ់​យុត្តិធម៌​ពិតៗ ដែល​បាន​យកចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ពលរដ្ឋ ព្រមទាំង​ហ៊ាន​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ជនរងគ្រោះ​ដើម្បី​យុត្តិធម៌​សង្គម​ផង​ដែរ។ លោក ជូង ជូងី បាន​ដាក់​លិខិត​លាឈប់​ពី​សមាជិក​គណបក្ស​ភ្លើង​ទៀន កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៤ ដោយ​លើក​ហេតុផល​ថា លោក​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​សកម្មភាព​របស់​គណបក្ស​បន្ត​ទៀត។ កាលពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៤ គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​លិខិត​មួយ​ដោយ​សម្រេច​ទទួល​យក​លោក ជូង ជូងី ជា​សមាជិក​របស់​ខ្លួន​ចាប់​ពី​ពេលនេះ​តទៅ។ គណបក្ស​កម្លាំង​ជាតិ បើក​ចំហ​ទទួល​ស្វាគមន៍​ឥស្សរជន​នយោបាយ​ប្រជាធិបតេយ្យ​ដែល​មកពី​គណបក្ស​ភ្លើង​ទៀន ដែល​ក្លាហាន ស្មោះត្រង់ ហ៊ាន​លះបង់​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​បន្ត​ឧត្តមគតិ និង​ស្មារតី​ដើម​ក្នុង​ការ​តស៊ូ​នយោបាយ​តាម​បែប​ប្រជាធិបតេយ្យ​បន្ត​ទៀត។ ចាប់តាំងពី​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​ហាមឃាត់​សកម្មភាព​នយោបាយ​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ក្នុង​ឆ្នាំ​២០២៣ មក សមាជិក សកម្មជន និង​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​នេះ ដូចជា លោក រ៉ុង ឈុន ជាដើម បាន​នាំគ្នា​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ​ជា​បន្តបន្ទាប់។ សកម្មជន​នៅ​មូលដ្ឋាន​ជាច្រើន​របស់​គណបក្ស​កម្លាំង​ជាតិ​ជាច្រើន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា មាន​តែ​ការ​រួបរួម​សកម្មជន សមាជិក និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន និង​កម្លាំង​គណបក្ស​កម្លាំង​ជាតិ ប៉ុណ្ណោះ ទើប​អាច​រួបរួម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​បាន។ ជាង​នេះ​ទៀត បើ​មាន​ការ​រួបរួម​ជាមួយ​គណបក្ស​ដទៃ​ទៀត​នោះ គឺ​កាន់តែ​អាច​បញ្ជាក់​ថា កម្លាំង​ប្រជាធិបតេយ្យ​នៅ​រឹងមាំ មិន​រលំរលាយ​តាម​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច​ឡើយ។ កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ គណបក្ស​កម្លាំង​ជាតិ បាន​ប្រារព្ធ​ពិធី​សមាជ​លើកដំបូង​របស់​ខ្លួន​ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន និង​លក្ខខណ្ឌ​ផ្សេងៗ​របស់​គណបក្ស ក្រោយ​លេច​ចេញ​រូបរាង​ជា​ផ្លូវការ​តាម​ការ​អនុញ្ញាត​របស់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២៣ កន្លង​ទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស