9mm bet

33 C
Phnom Penh

អ្នក​សង្កេតការណ៍​ថា​អ្នកទោស​មនសិការ​មិន​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ដូច​អ្នកទោស​ជា​ឧកញ៉ា​និង​អ្នក​មាន​លុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា អ្នកទោស​មនសិការ​ដែល​មាន​បញ្ហា​សុខភាព​ក្នុង​ពន្ធនាគារ មិន​ងាយ​ទទួល​បាន​ការ​ព្យាបាល ឬ​ការ​យកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​ទេ ប៉ុន្តែ​អ្នកទោស​ក្រុម​ឧកញ៉ា និង​អ្នក​មាន​លុយ តែង​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ល្អៗ​ក្រៅ​ពន្ធនាគារ។ អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កក្កដា នេះ​ថា មន្ត្រី​អនុវត្ត​ច្បាប់​ក៏​ត្រូវ​មាន​គុណធម៌​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​យកចិត្ត​ទុកដាក់​លើ​អ្នកទោស​មនសិការ​ដែល​មាន​បញ្ហា​សុខភាព ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង។ លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ដំណើរការ​ក្តី​ក៏​នៅតែ​អាច​អនុវត្ត​បាន​ដដែល បើ​ទោះបីជា​លោក នី ណាក់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​ខាងក្រៅ​មន្ទីរ​ឃុំឃាំង​ក៏ដោយ ព្រោះ​លោក​គ្មាន​ចេតនា​គេចវេះ​ពី​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។ ប្រភព​ដដែល​បាន​អះអាង​ថា កម្ពុជា​គឺជា​រដ្ឋ​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ ដែល​មាន​ន័យ​ថា គ្រប់​ភាគី​ទាំងអស់​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ដូច​គ្នា​ដោយ​សេរី ដែល​មិន​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ដើម្បី​បំបិទ​សំឡេង​ត្អូញត្អែរ ឬ​សំឡេង​រិះគន់​របស់​ម្ចាស់​ឆ្នោត​ឡើយ។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​សង្គម​លោក នី ណាក់ កាលពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ។ កាលពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​សង្គម​លោក នី ណាក់ ដែល​រង​ការ​ចោទប្រកាន់​ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង» តាម​បណ្តឹង​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ។ តុលាការ​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​មេធាវី​ការពារ​ក្ដី​លោក នី ណាក់ គឺ​លោក ជូង ជូងី ដែល​បាន​ប្តឹង​សុំ​ឲ្យ​កូនក្ដី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ ក្រោម​ហេតុផល​ថា លោក នី ណាក់ មាន​ជំងឺ​ប្រចាំ​កាយ​ដែល​មិន​អាច​រស់នៅ​ក្នុង​ពន្ធនាគារ​បន្ត​ទៀត​បាន។ កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០២៣ អ្នកទោស​ជា​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​មាន​ឈ្មោះ​ថា Chen Hsin Han ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ព្យាបាល​ធ្មេញ​នៅ​គ្លីនិក​ខាងក្រៅ​មន្ទីរ​ឃុំឃាំង បើ​ទោះបីជា​ឧក្រិដ្ឋជន​រូប​នេះ​មាន​ទោស​ធ្ងន់​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចាកចេញ​ពី​មន្ទីរ​ឃុំឃាំង​ក៏ដោយ។ ជាង​នេះ​ទៀត ឧកញ៉ា គិត ធាង បងប្រុស​បង្កើត​ឧកញ៉ា គិត ម៉េង ក៏​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​គុក ៤​ឆ្នាំ​ពាក់ព័ន្ធ​គ្រឿងញៀន ៥០​គីឡូក្រាម​ដែរ ប៉ុន្តែ​ឧកញ៉ា​រូប​នេះ​បែរ​ជា​អាច​សម្រាក​ព្យាបាល​ជំងឺ​នៅ​បន្ទប់​ម៉ាស៊ីន​ត្រជាក់ (VIP) ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី ប្រហែល ២​ឆ្នាំ ហើយ​ក្រោយ​មក​ក៏​ត្រូវ​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​តែម្តង។ កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៤ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ បាន​ចាប់​ខ្លួន​អ្នកជំនាញ​កសិកម្ម​លោក នី ណាក់ ដោយ​ចោទ​ពី​បទ «បរិហារកេរ្តិ៍ និង​ញុះញង់» បន្ទាប់ពី​លោក​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពាក់ព័ន្ធ​នឹង​រាជរដ្ឋាភិបាល​កាត់​ដី​ឱ្យ​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស