9mm bet

33 C
Phnom Penh

តុលាការ​កំពូល​សម្រេច​ថា​លោក ត្រាំ នៅតែ​មាន​អភ័យ​ឯកសិទ្ធិ តែ​លោក បៃដិន ថា​អាមេរិក​គ្មាន​ស្ដេច​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ចន្ទ ទី​១ ខែ​កក្កដា តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក បាន​សម្រេច​ថា អតីត​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅតែ​មាន​អភ័យ​ឯកសិទ្ធិ​រួច​ផុត​ពី​ការ​កាត់ទោស​ចំពោះ​សកម្មភាព​ដែល​លោក​បាន​ប្រព្រឹត្ត​អំឡុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើ​សេចក្តី​រាយការណ៍​ថា ការ​សម្រេច​របស់​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ធ្វើឡើង​ក្នុង​សំឡេង​គាំទ្រ ៦ ទល់​នឹង​សំឡេង ៣​ជំទាស់។ ជាមួយ​គ្នា​នេះ តុលាការ​កំពូល បាន​បដិសេធ​ការ​ទទួល​យក​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប ដែល​បាន​ច្រានចោល​ការ​អះអាង​របស់​លោក ដូណាល់ ត្រាំ ថា​ខ្លួន​លោក​មាន​អភ័យ​ឯកសិទ្ធិ​រួច​ផុត​ពី​ការ​កាត់ទោស​ជុំវិញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក ដើម្បី​កែប្រែ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០២០ ដែល​បង្ហាញ​ថា​រូបលោក​បាន​ចាញ់​ឆ្នោត​លោក ចូ បៃដិន។ ក្នុង​សេចក្ដី​សម្រេច​នេះ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ក៏​បាន​បញ្ជាក់​ដែរ​ថា លោក ដូណាល់ ត្រាំ រួម​ទាំង​ប្រធានាធិបតី​អាមេរិក​គ្រប់​រូប សុទ្ធតែ​មាន​អភ័យ​ឯកសិទ្ធិ​រួច​ផុត​ពី​ការ​កាត់ទោស​ចំពោះ​ការ​ធ្វើ​សកម្មភាព​ផ្លូវការ​ក្នុង​ពេល​កំពុង​កាន់​អំណាច ប៉ុន្តែ​នៅតែ​អាច​ប្រឈមមុខ​នឹង​បទ​ចោទ​ព្រហ្មទណ្ឌ​ក្នុង​សំណុំរឿង​ឯកជន។ ការ​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល​អាមេរិក​នៅ​ពេលនេះ ត្រូវ​គេ​រំពឹង​ថា សវនាការ​កាត់ទោស​លោក ដូណាល់ ត្រាំ ជុំវិញ​ការ​ប៉ុនប៉ង​ការ​កែប្រែ​លទ្ធផល​បោះឆ្នោត​ឱ្យ​បាន​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី​៥ ខែ​វិច្ឆិកា ខាងមុខ ទំនង​ជា​នឹង​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ។ លោក ដូណាល់ ត្រាំ បាន​រង​ការ​ចោទប្រកាន់​លើ​កំហុស​នានា​តាម​ផ្លូវ​តុលាការ ក្នុង​នោះ​មាន​បទ​ចោទប្រកាន់​ដ៏​ធំ​មួយ គឺ​អំពើ​កុប្បកម្ម​នៅ​វិមាន​រដ្ឋសភា ដែល​ត្រូវ​បាន​គេ​គិត​ថា​នឹង​ក្លាយ​ជា​ឧបសគ្គ​អាច​រារាំង​លោក ត្រាំ ក្នុង​ការ​ប៉ុនប៉ង​វិលត្រឡប់​ទៅ​រក​ការ​កាន់​អំណាច​នៅ​សេតវិមាន​ឡើងវិញ។ ក្រោយពី​តុលាការ​កំពូល​សម្រេច​ថា លោក ដូណាល់ ត្រាំ នៅតែ​មាន​អភ័យ​ឯកសិទ្ធិ​ដែល​មិន​ត្រូវ​មាន​ទោស​ក្នុង​ពេល​បំពេញ​តួនាទី​ជា​ប្រធានាធិបតី ដែល​ជា​ការ​ដោះ​របាំង​រាំង​ខ្ទប់​លោក​ពី​ការ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី លោក ត្រាំ បង្ហាញ​ការ​រីករាយ និង​មាន​មោទនភាព​ជាមួយ​នឹង​ការ​សរសើរ​ប្រព័ន្ធ​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ថា​ជា​កម្លាំង​ប្រជាធិបតេយ្យ។ លោក ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​របស់​លោក​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម គឺ​ភ្លាមៗ​ក្រោយ​ពី​ដឹង​ថា​លោក​ទទួល​បាន​យុត្តិធម៌ ដែល​ខុស​ពី​មុន​លោក​វាយប្រហារ​តុលាការ​ថា​បាន​កំពុង​ដើរ​តួនាទី​ជា​អាជ្ញាកណ្ដាល​បំពាន​គោលការណ៍​យុត្តិធម៌ និង​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក។ ក្នុង​ស្ថានភាព​ដែល​ពិភពលោក​គិត​ថា​សំណុំរឿង​របស់​លោក ត្រាំ គឺជា​វេទិកា​យុត្តិធម៌​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក គឺ​ដល់​ទីបំផុត​ឃើញ​ថា អតីត​ប្រធានាធិបតី​ទាំងអស់​សុទ្ធតែ​មាន​អភ័យ​ឯកសិទ្ធិ បើ​ទោះជា​មាន​កំហុស​កំពុង​កាន់​អំណាច ហើយ​លើក​យក​មក​ចោទប្រកាន់​ជម្រះ​ក្ដី​ក៏ដោយ។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក
តែ​បែប​នេះ​ក្ដី លោក ចូ បៃដិន ប្រធានាធិបតី​កំពុង​កាន់​អំណាច មិន​យល់ស្រប​នឹង​ការ​សម្រេច​សេចក្ដី​របស់​តុលាការ​កំពូល​ដូចនេះ​ឡើយ។ លោក ចូ បៃដិន បាន​ថ្កោលទោស​ជុំវិញ​ការ​សម្រេច​របស់​តុលាការ​កំពូល។ លោក ចូ បៃដិន បាន​ថ្លែង​ពី​វិមាន​ប្រធានាធិបតី​ថា៖ នៅ​ក្នុង​ដែនដី​សហរដ្ឋ​អាមេរិក​នេះ មិន​មាន​ស្តេច​ទេ ហើយ​ថា​ម្នាក់ៗ គឺ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់។ គ្មាន​នរណា​ម្នាក់​ស្ថិត​នៅ​ពី​លើ​ច្បាប់​បាន​ឡើយ បើ​ទោះបី​អ្នក​នោះ​ជា​ប្រធានាធិបតី​អាមេរិក​ក៏ដោយ។ លោក ចូ បៃដិន បាន​ថ្លែង​ថា ប៉ុន្តែ​អ្វីៗ​ដែល​ជា​ច្បាប់​កំពូល​របស់​រដ្ឋ​ទាំងអស់​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង​តាមរយៈ​សេចក្តី​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល នៅ​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ។ លោក ចូ បៃដិន បាន​ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​អាមេរិក​ថា៖ អ្វីៗ​ដែល​ប្រធានាធិបតី​អាមេរិក​បាន​ធ្វើ វា​មិន​មែន​សុទ្ធតែ​ធ្វើ​តាម​ចិត្ត​ចង់​របស់​គេ ដោយ​ដើរ​ហួស​នឹង​ព្រំដែន​របស់​ខ្លួន​ឡើយ។ លោក ចូ បៃដិន បន្ត​ថា៖ ការ​សម្រេច​ចិត្ត​នូវ​គោលការណ៍​ថ្មី​ដោយ​តុលាការ​កំពូល​ដូចនេះ គឺជា​រឿង​គ្រោះថ្នាក់​មួយ​ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន ដោយសារតែ​មហិច្ឆតា​នៃ​ការ​គ្រប់គ្រង​អំណាច និង​ដែល​គ្មាន​ច្បាប់​ណា​អាច​មក​រារាំង​បាន​ឡើយ សូម្បីតែ​តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​ក៏ដោយ។ លោក​ប្រធានាធិបតី ចូ បៃដិន បាន​ព្រមាន​ថា ការ​សម្រេច​ចិត្ត​នេះ គឺជា​គ្រោះថ្នាក់​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​អាច​នឹង​បំផ្លាញ​ដល់​នីតិរដ្ឋ​របស់​សហរដ្ឋ​អាមេរិក។ ប្រតិកម្ម​ចំពោះ​សេចក្តី​សម្រេច​តុលាការ​កំពូល ធ្វើ​ឡើង​ស្រប​ពេល​លោក បៃដិន កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​សំខាន់ ដើម្បី​ស្វែងរក​ការ​គាំទ្រ​មុន​ពេល​បោះឆ្នោត​ប្រធានាធិបតី។ ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ គូប្រកួត​នៅ​លើក​នេះ គេ​រំពឹង​ថា​មាន​តែ ២​រូប​ប៉ុណ្ណោះ គឺ​លោក ចូ បៃដិន និង​លោក ដូណាល់ ត្រាំ ប្រសិនបើ​គ្មាន​ការ​ប្រែប្រួល។ លោក បៃដិន ជា​បេក្ខជន​កំពុង​កាន់​អំណាច​មកពី​បក្ស​ប្រជាធិបតេយ្យ។ លោក ដូណាល់ ត្រាំ ជា​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ។ ប៉ុន្តែ​លោក ដូណាល់ ត្រាំ បាន​ចាញ់​ឆ្នោត​លោក ចូ បៃដិន នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០។ អ្វី​ដែល​អ្នក​សង្កេតការណ៍​ភ្ញាក់ផ្អើល​ចំពោះ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក គឺ​បេក្ខជន ២​រូប​នេះ​មាន​វ័យ​ចាស់​ខ្លាំង​ណាស់​ទៅ​ហើយ។ លោក បៃដិន មាន​វ័យ ៨២​ឆ្នាំ ហើយ​លោក ដូណាល់ ត្រាំ មាន​វ័យ ៧៨​ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស