9mm bet

33 C
Phnom Penh

ប្រទេស​លោក​សេរី​និង​អង្គការ​អន្តរជាតិ​ធំៗ​ថ្កោលទោស​ការ​កាត់ទោស​និង​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំង​កំរោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដា​ប្រទេស​លោក​សេរី និង​អង្គការ​សហប្រជាជាតិ សម្ដែង​ការ​ព្រួយបារម្ភ និង​ថ្កោលទោស​ចំពោះ​ការ​ផ្ដន្ទាទោស និង​ចាប់​ខ្លួន​ទាំង​កំរោល ព្រមទាំង​បញ្ជូន​សកម្មជន​បរិស្ថាន​ទាំងនោះ​ទៅ​ដាក់​នៅ​ពន្ធនាគារ​នៅ​ខេត្ត​ផ្សេងៗ​គ្នា​ពី​សំណាក់​តុលាការ​ក្រោម​បញ្ជា​របស់​រដ្ឋាភិបាល​កម្ពុជា។ សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​០២ ខែ​កក្កដា បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់ទោស និង​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដោយ​វិធានការ គឺ​ការ​យាយី​លើ​អ្នក​ការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។ សហភាព​អឺរ៉ុប អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក៏ដូចជា​សិទ្ធិ​ក្នុង​ការ​សម្ដែង​មតិ​ដោយ​អហិង្សា​ផង​ដែរ។ ចំណែក​ឯ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី វិញ ក៏​សម្ដែង​ការ​ព្រួយបារម្ភ ដោយ​ថា​ពួកគេ​នៅតែ​គាំទ្រ​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន ដោយ​រួម​ទាំង​សេរីភាព​បញ្ចេញមតិ ការ​ប្រមូលផ្ដុំ​តវ៉ា​ដោយ​សន្តិវិធី និង​ការ​ចងក្រង​ជា​ក្រុម​ជា​សមាគម​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ការ​ចាប់ និង​ផ្ដន្ទាទោស ដែល​នេះ​ជា​ធាតុ​ផ្សំ​សំខាន់​នៃ​អភិបាលកិច្ច​ប្រជាធិបតេយ្យ។ ដោយឡែក​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ឱ្យ​តុលាការ​ពិនិត្យ​ករណី​នេះ​ឡើងវិញ​តាម​បណ្តឹង​ឧទ្ធរណ៍ ស្រប​តាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ពីព្រោះ​ទិដ្ឋភាព​ជាច្រើន​នៃ​នីតិវិធី​ជំនុំជម្រះ​ប្រហែល​ជា​មិន​អនុលោម​តាម​ស្តង់ដា​សិទ្ធិមនុស្ស​អន្តរជាតិ។ អង្គការ​សហប្រជាជាតិ​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដែល​អាជ្ញាធរ​កម្ពុជា ប្រើប្រាស់​បទ​ចោទប្រកាន់​ប្រមាថ​ព្រះមហាក្សត្រ និង​មាត្រា​ដទៃ​ទៀត​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ការ​អនុវត្ត​សិទ្ធិមនុស្ស។ ប្រភព​ដដែល​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​ពិនិត្យ​មើល​ឡើងវិញ​នូវ​ការ​ចោទប្រកាន់​ដែល​បាន​ធ្វើឡើង​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន និង​អំពាវនាវ​ឱ្យ​កម្ពុជា​រៀបចំ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ទូលំទូលាយ ធ្វើការ​កែប្រែ​មាត្រា​មួយ​ចំនួន​នៃ​ក្រមព្រហ្មទណ្ឌ ដើម្បី​ឱ្យ​ស្រប​តាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។ រីឯ​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា ត្រូវតែ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ ចំពោះ​អង្គការ រ៉ៃត៍ ឡាយលីហ៊ូត (Right Livelihood) ដែល​ផ្ដល់​ពានរង្វាន់​ដល់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ក៏​បាន​ថ្កោលទោស​ការ​កាត់ទោស​លើ​សកម្មជន​បរិស្ថាន​ទាំងនេះ​ផង​ដែរ។ ចំណែក​ប្រធាន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០២៤ បាន​លើកឡើង​ថា យុវជន​មាតា​ធម្មជាតិ​ជា​យុវជន​ស្លូតត្រង់ សកម្ម​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ និង​ការពារ​បរិស្ថាន ប៉ុន្តែ​តុលាការ​អាយ៉ង​ត្រកូល​ហ៊ុន បែរ​ជា​ចោទប្រកាន់​ចាប់​ចង​ដាក់​គុក​ធ្វើ​បាប​បង្កើត​ការ​ឈឺចាប់​គ្រប់​បែប​យ៉ាង។ លោក សម រង្ស៊ី ជំរុញ​ឱ្យ​របប​ឪ​កូន​ត្រកូល​ហ៊ុន ត្រូវ​ហ៊ាន​ចេញ​មុខ​ដោះស្រាយ​បញ្ហា​សង្គម ជាជាង​បំផ្លាញ​ជីវិត និង​អនាគត​របស់​យុវជន។ លោក​អំពាវនាវ​ឱ្យ​ដោះលែង​យុវជន​បរិស្ថាន​ជាបន្ទាន់។ ប្រតិកម្ម​របស់​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ និង​អង្គការ​អន្តរជាតិ​ធំៗ រួម​ទាំង​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស និង​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​ក្រោម​បញ្ជា​គ្រួសារ​ត្រកូល​ហ៊ុន កាលពី​ថ្ងៃទី​០២ ខែ​កក្កដា ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ១០​នាក់ ក្រោម​បទ​ចោទប្រកាន់​រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០២១។ ក្រៅពី​កាត់ទោស​ឱ្យ​ពួកគេ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៦ ទៅ ៨​ឆ្នាំ​នោះ តុលាការ​ក្រោម​បញ្ជា​គ្រួសារ​ត្រកូល​ហ៊ុន ក៏​បាន​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ ៤​នាក់ ក្នុង​នោះ​មាន​កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត និង​លោក ថុន រដ្ឋា ទាំង​កំរោល ខណៈ​សកម្មជន​ម្នាក់​ទៀត​គឺ​លោក យីម លាងហ៊ី ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​អំឡុង​ពេល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​តុលាការ ដើម្បី​ស្ដាប់​ការ​ប្រកាស​សាលក្រម។ ពួកគេ​ទាំង ៥​នាក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ស្ថិត​ក្រោម​បញ្ជា​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា ក្នុង​នោះ​លោក យីម លាងហ៊ី ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ហើយ​លោក លី ចាន់ដារ៉ាវុត ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល លោក ថុន រដ្ឋា ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ និង​កញ្ញា ភួង កែវរស្មី ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ហើយ​កញ្ញា ឡុង គន្ធា ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លោក សេង វណ្ណលី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​០៣ ខែ​កក្កដា ថា របប​ថ្មី ទារុណកម្ម​បែប​ថ្មី ប៉ុន្តែ​ភាព​ឃោរឃៅ​ដូច​ដើម។ លោក​ចាត់ទុក​ការ​បញ្ជូន​សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥​នាក់​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ផ្សេងៗ​គ្នា ថា​គឺ​ជា​វិធីសាស្ត្រ​ធ្វើ​ទារុណកម្ម​ដ៏​ឃោរឃៅ​បំផុត មិន​ខុស​ពី​របប​ខ្មែរក្រហម​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស