9mm bet

33 C
Phnom Penh

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ច្រានចោល​ការ​ចុះផ្សាយ​អំពី​វត្តមាន​នាវា​យោធា​ចិន​នៅ​មូលដ្ឋាន​ជើងទឹក​រាម​ថា​ជា​រឿង​មិន​ពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​កម្ពុជា ចាត់ទុក​ការ​ចុះផ្សាយ​របស់​កាសែត The Wall Street Journal អំពី​វត្តមាន​នាវា​យោធា​ពីរ​គ្រឿង​របស់​ចិន ប្រចាំការ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ជា​ការ​ផ្សព្វផ្សាយ​បង្កប់​ចេតនា​បង្ក​ឱ្យ​កាន់តែ​មាន​ការ​ភាន់ច្រឡំ និង​ជា​ការ​ចុះផ្សាយ​មិន​ពិត។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃទី​៣ កក្កដា នេះ​ថា នាវា​យោធា​ចិន ២​គ្រឿង​ដែល​បាន​ចូល​ចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម​កងទ័ព​ជើងទឹក​កម្ពុជា គឺ​ទើប​តែ​មក​ដល់​នា​ថ្មីៗ​នេះ​ប៉ុណ្ណោះ។ លោក​ថា នាវា​នោះ​គឺជា​នាវា​ផ្លាស់ប្ដូរ​វេន​ជាមួយ​នឹង​នាវា​យោធា​ចិន​កន្លង​ទៅ​តាម​កិច្ចព្រមព្រៀង​រវាង​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​មក​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​អំពី​ការ​ប្រើប្រាស់​នាវា​ដល់​កងទ័ព​ជើងទឹក​កម្ពុជា មិន​មែន​ចូល​ចត​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ដូច​ការ​ចុះផ្សាយ​របស់​កាសែត The Wall Street Journal នោះ​ទេ។ លោក ឈុំ សុជាត អះអាង​ថា លោក​ក៏​សូម​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​ផ្សព្វផ្សាយ​ថា​នៅ​មូលដ្ឋាន​សមុទ្រ​រាម​កងទ័ព​ជើងទឹក​កម្ពុជា មាន​ការ​បែងចែក​មូលដ្ឋាន​សម្រាប់​នាវា​យោធា​ចិន​ផ្សេង និង​មូលដ្ឋាន​នាវា​យោធា​កម្ពុជា​ផ្សេង ព្រោះ​នេះ​ជា​ការ​មិន​ពិត។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​រូប​នេះ​បញ្ជាក់​ថា នៅ​មូលដ្ឋាន​ជើងទឹក​រាម កំពុង​ធ្វើការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​តំបន់​ខ្លះ​កំពុង​សាងសង់ តម្រូវ​ឱ្យ​មាន​ការ​ហាមឃាត់​មិន​ឱ្យ​ចេញ​ចូល​ដាច់ខាត ដែល​នេះ​ជា​កិច្ចការ​សម្ងាត់​របស់​កងទ័ព​ស្រប​តាម​ច្បាប់​របស់​កម្ពុជា។ កាលពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៤ កាសែត The Wall Street Journal បាន​ចុះផ្សាយ​ថា អ្នក​ភូមិ​ដែល​រស់នៅ​ឈូង​សមុទ្រ​ថៃ និយាយ​ថា មាន​នាវាចម្បាំង​ចិន​ពណ៌​ប្រផេះ​ពីរ​គ្រឿង​បាន​ចត​នៅ​កំពង់ផែ​ប្រវែង​ជាង ៣០០​ម៉ែត្រ​ក្នុង​មូលដ្ឋាន​ជើងទឹក​រាម​របស់​កម្ពុជា អស់​រយៈពេល​ជាង ៦​ខែ​មក​ហើយ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ថត​នាវា​នោះ​ទេ។ អ្នក​ភូមិ​ទាំងនោះ​អះអាង​ថា សព្វថ្ងៃ​នេះ​មូលដ្ឋាន​ជើងទឹក​រាម​ត្រូវ​បាន​បែងចែក​ជា​តំបន់​បម្រុង​សម្រាប់​កងទ័ព​ជើងទឹក​ចិន និង​តំបន់​ដាច់ដោយឡែក​សម្រាប់​កងទ័ព​ជើងទឹក​កម្ពុជា ខណៈ​ផ្នែក​សម្រាប់​កងទ័ព​ជើងទឹក​ចិន មិន​អនុញ្ញាត​ឲ្យ​កម្មករ និង​កងទ័ព​ជើងទឹក​កម្ពុជា​ចូល​ទៅ​ជិត​ទេ ប៉ុន្តែ​កម្មករ​សំណង់​ជនជាតិ​ចិន បាន​ជិះ​រថយន្ត​ពេល​យប់​ទៅ​ធ្វើ​ការងារ​នៅ​ទីនោះ។ កាសែត The Wall Street Journal សរសេរ​ថា មន្ត្រី​កម្ពុជា​បាន​ផ្តល់​ការ​ពន្យល់​ខុសៗ​ពី​គ្នា​ចំពោះ​វត្តមាន​របស់​កប៉ាល់​ចិន។ មុន​ដំបូង ពួកគេ​និយាយ​ថា​នាវា​ចិន​នៅ​ទីនោះ​ដើម្បី​ជួយ​ក្នុង​ការ​ហ្វឹកហ្វឺន​កងទ័ព​កម្ពុជា ក្រោយ​មក​និយាយ​ថា ដោយសារ​ចិន​កំពុង​ជួយ​រៀបចំ​សមយុទ្ធ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ខែ​ឧសភា កន្លង​ទៅ​នោះ។ ទោះជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជាក់​ដែរ​ថា ទោះបីជា​មូលដ្ឋាន​ទ័ព​រាម​បាន​សាងសង់​ដោយ​ក្រុម​កងទ័ព​រំដោះ​ប្រជាជន​ចិន និង​ទោះបីជា​កម្ពុជា​ទទួល​ជំនួយ​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន​ក៏ដោយ ក៏​មូលដ្ឋាន​ទ័ព​រាម​ដដែល​នេះ​ត្រូវតែ​ក្លាយ​ជា​ទីតាំង​ធ្វើ​សមយុទ្ធ​យោធា​រវាង​កងទ័ព​កម្ពុជា និង​ប្រទេស​ផ្សេង​ទៀត​ដែល​ជា​សមយុទ្ធ​បែប​សង្គ្រោះ​បន្ទាន់​នៅ​ពេល​មាន​គ្រោះអាសន្ន​កើត​ឡើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស