9mm bet

33 C
Phnom Penh

អង្គការ​សង់ត្រាល់​នឹង​ផ្តល់​ព័ត៌មាន​ស្ដីពី​កុង​ធនាគារ​ប្រតិបត្តិ​ការងារ​ឱ្យ​ក្រសួង​មហាផ្ទៃ​តាម​ការ​ស្នើសុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​សង់ត្រាល់ អះអាង​ថា អង្គការ​សង់ត្រាល់​នឹង​សហការ​ផ្តល់​ព័ត៌មាន​ស្ដីពី​កុង​ធនាគារ​ប្រតិបត្តិ​ការងារ​របស់​ខ្លួន​ជូន​ក្រសួង​មហាផ្ទៃ តាម​ការ​ស្នើសុំ ប៉ុន្តែ​នៅ​រក្សា​ជំហរ​ការពារ​របាយការណ៍​របស់​ខ្លួន​ដែល​បាន​ស្រាវជ្រាវ​ដដែល។ លោក ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ កក្កដា នេះ​ថា អង្គការ​សង់ត្រាល់​នឹង​ធ្វើការ​ឆ្លើយតប​ចំពោះ​លិខិត​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ក៏​ជា​អ្វី​ដែល​ខ្លួន​ត្រូវ​សហការ​ក្នុង​ការ​ផ្តល់​ជូន​ព័ត៌មាន​ស្ដីពី​គណនី​ធនាគារ​សម្រាប់​ប្រតិបត្តិ​ការងារ​របស់​សង់ត្រាល់​ដែរ។ លោក ឃុន ថារ៉ូ បញ្ជាក់​ថា អង្គការ​សង់ត្រាល់​ជំទាស់​ដាច់ខាត​រាល់​ការ​ចុះផ្សាយ​នានា​ដែល​មិនមែន​ជា​ការពិត​ដូច​សារព័ត៌មាន​ Bayon Radio News ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៤ ថា អង្គការ​សង់ត្រាល់​សារភាព​ថា របាយការណ៍​របស់​ខ្លួន​គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ និង​គ្មាន​ភាព​ជា​តំណាង។ យ៉ាងណា​ក៏ដោយ រហូត​មក​ដល់​ពេលនេះ អង្គការ​សង់ត្រាល់​មិន​បាន​កែប្រែ​ខ្លឹមសារ​របាយការណ៍​របស់​ខ្លួន​ដែល​បាន​ចុះផ្សាយ​កាលពី​ដើម​ខែ​មិថុនា នៅឡើយ​ទេ ប៉ុន្តែ​សង់ត្រាល់​បែរ​ជា​រក្សា​ជំហរ​ការពារ​របាយការណ៍​របស់​ខ្លួន​ដែល​បាន​ស្រាវជ្រាវ​នេះ​យ៉ាង​មុតមាំ ខុស​ពី​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Bayon Radio News ដែល​បាន​ផ្សព្វផ្សាយ​ទៅវិញ។ ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ចុះផ្សាយ​របស់ Bayon Radio News​គ្រាន់តែ​បង្ហាញ​ឱ្យ​ឃើញ​ពី​ល្បិចកល​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ចោទប្រកាន់​លើ​អង្គការ​សង់ត្រាល់​ដើម្បី​ឱ្យ​មហាជន​មាន​ការ​ភាន់ច្រឡំ​ប៉ុណ្ណោះ ដែល​ជា​កលល្បិច​កេង​ចំណេញ​ដ៏​ពិសពុល​ក្នុង​បំណង​ទម្លាក់​កំហុស​លើ​សង់ត្រាល់។ នាយករង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch)​ លោក Bryony Lau លើកឡើង​កាលពី​ថ្ងៃទី​២ កក្កដា នេះ​ថា ការ​ប្រមាថ និង​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​លើ​អង្គការ​សង់ត្រាល់ គឺជា​ការ​គំរាមកំហែង​មិន​ត្រឹមតែ​សិទ្ធិ​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​គំរាមកំហែង​ដល់​សកម្មភាព​សង្គម​ស៊ីវិល​ទាំងអស់​នៅ​កម្ពុជា​ថែម​ទៀត។ ប្រភព​ដដែល​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ឱ្យ​បាន​ច្បាស់​ពី​សកម្មភាព​របស់​អង្គការ​សង់ត្រាល់​ដែល​ជា​មូលហេតុ​នាំ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​នៅ​ពេលនេះ។ លោក Bryony Lau អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ស្ថានទូត និង​ម៉ាក​ល្បីៗ​លើ​ពិភពលោក​ដែល​បាន​វិនិយោគ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ​របស់​កម្ពុជា ប្រឆាំង​នឹង​ការ​យាយី​របស់​រដ្ឋាភិបាល​លើ​អង្គការ​សង់ត្រាល់ ដើម្បី​លើក​កម្ពស់​សេរីភាព​សមាគម ការ​តស៊ូ​មតិ ការងារ​ឯករាជ្យ និង​សន្តិសុខ​នៃ​អ្នក​ការពារ​សិទ្ធិ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​អង្គការ​សង់ត្រាល់ ឱ្យ​ផ្តល់​ព័ត៌មាន​ពី​គណនី​ដែល​បាន​បើក​សម្រាប់​ប្រតិបត្តិការ​នៅ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា ទៅ​ក្រសួង​មហាផ្ទៃ ជា​កំហិត ដោយ​គិត​ត្រឹមតែ ៣០​ថ្ងៃ​ចាប់ពី​ថ្ងៃ​ជូនដំណឹង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស