9mm bet

33 C
Phnom Penh

មេដឹកនាំ​ហុងគ្រី​ដែល​ទើប​ជាន់​ដី​អ៊ុយក្រែន ស្នើ​លោក ហ្សេឡេនស្គី ទទួល​យក​បទ​ឈប់​បាញ់​ពី​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ប្រទេស​ហុងគ្រី លោក Viktor Orban បាន​ស្នើ​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ឱ្យ​ពិចារណា​ការ​ឈប់​បាញ់​គ្នា​ដើម្បី​បង្កើន​ល្បឿន​ការ​បញ្ចប់​សង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ី។ លោក Viktor Orban បាន​ទៅ​រដ្ឋធានី​គៀវ ជា​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ ទី​២ ខែ​កក្កដា ចាប់​តាំងពី​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក Viktor Orban គឺជា​មេដឹកនាំ​សហភាព​អឺរ៉ុប និង​អង្គការ​យោធា NATO តែ​ម្នាក់​គត់​ដែល​នៅ​បន្ត​មាន​សម្ព័ន្ធភាព​ស្និទ្ធស្នាល​នឹង​លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី ដែល​បញ្ជា​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន។ លោក Orban ជា​អ្នក​រាំង​ខ្ទប់​ជំនួយ​យោធា​របស់​ប្រទេស​លោក​ខាងលិច​ដល់​អ៊ុយក្រែន។ មិន​តែប៉ុណ្ណោះ លោក Orban បាន​ប្រឆាំង​នឹង​សំណើ​របស់​អ៊ុយក្រែន សុំ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ហើយ​នាយករដ្ឋមន្ត្រី​ហុងគ្រី រូប​នេះ ក៏​ធ្លាប់​បាន​បោះឆ្នោត​វេតូ​បដិសេធ​ផ្តល់​កញ្ចប់​ជំនួយ​យោធា​អឺរ៉ុប ចំនួន ៥០​ពាន់​លាន​អឺរូ​ឲ្យ​អ៊ុយក្រែន។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ខ្លី​មួយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ការ​ចរចា​លោក Zelenskyy លោក Orban បាន​និយាយ​ថា លោក​ឱ្យ​តម្លៃ​ដល់​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ក្រុង​គៀវ ដើម្បី​ផ្សព្វផ្សាយ​ទស្សនៈ​សន្តិភាព​របស់​លោក Zelenskyy នៅ​ឯ​សន្និសីទ​កំពូល​អន្តរជាតិ​កាលពី​ថ្ងៃទី​១៥ មិថុនា នៅ​ក្នុង​ប្រទេស​ស្វីស ដែល​មាន​បំណង​ដើម្បី​ធ្វើ​សន្និសីទ​លើក​ទី​២ នៅ​ចុង​ឆ្នាំ​នេះ។ លោក Orban បាន​និយាយ​ទៀត​ថា លោក​បាន​ស្នើ​ដល់​ប្រធានាធិបតី​អ៊ុយក្រែន ឱ្យ​គិត​អំពី​ថា​តើ​អាច​បង្កើន​ល្បឿន​ការ​ចរចា​សន្តិភាព​ដោយ​ធ្វើការ​ឈប់​បាញ់​គ្នា​ឲ្យ​បាន​ជា​មុន​សិន​បាន​ដែរ​ឬ​ទេ។ លោក​បាន​បន្ត​ទៀត​ថា បទ​ឈប់​បាញ់​គ្នា​មួយ​ដែល​ត្រូវ​ភ្ជាប់​ទៅ​នឹង​កាលបរិច្ឆេទ នឹង​ផ្តល់​ឱកាស​ដើម្បី​បង្កើន​ល្បឿន​ការ​ចរចា​សន្តិភាព។ លោក​ថា លោក​បាន​ស្វះ​ស្វែងរក​លទ្ធភាព​នេះ​ជាមួយ​លោក​ប្រធានាធិបតី​ដែល​អំណរគុណ​ចំពោះ​ចម្លើយ និង​ការ​ចរចា​ដ៏​ស្មោះត្រង់​របស់​លោក Zelenskyy។ តែ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក​ប្រធានាធិបតី Zelenskyy មិន​បាន​ឆ្លើយតប​នឹង​សំណើ​របស់​លោក Orban។ យ៉ាងណា លោក Zelenskyy បាន​សរសើរ​ពី​លទ្ធភាព​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ធំ​ទូលាយ​រវាង​អ៊ុយក្រែន និង​ហុងគ្រី។ ជាមួយ​គ្នា​នេះ ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​អ៊ុយក្រែន បាន​ហៅ​វត្តមាន​របស់​លោក Orban នាយករដ្ឋមន្ត្រី​ហុងគ្រី នៅ​អ៊ុយក្រែន បាន​ជា​ការ​ចូលរួម​ចំណែក​បង្ហាញ​ស្មារតី​រួម​រវាង​សហភាព​អឺរ៉ុប និង​អ៊ុយក្រែន ហើយ​ថា​អ៊ុយក្រែន និង​ហុងគ្រី ចង់​បាន​សន្តិភាព​សម្រាប់​អ៊ុយក្រែន និង​ទ្វីប​អឺរ៉ុប​ទាំងមូល។ ប៉ុន្តែ​លោក Zelenskyy ទទូច​ស្នើ​នាយករដ្ឋមន្ត្រី​ហុងគ្រី ក្នុង​នាម​ជា​ប្រធាន​ផ្លាស់​វេន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ឲ្យ​បន្ត​សម្របសម្រួល​ផ្តល់​ជំនួយ​យោធា​អឺរ៉ុប​ជួយ​អ៊ុយក្រែន។ លោក Zelenskyy ទទូច​ថា ជំនួយ​អឺរ៉ុប​ចាំបាច់​ណាស់​ដើម្បី​ឲ្យ​អ៊ុយក្រែន ទប់ទល់​ការពារ​ទឹកដី​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ ជុំវិញ​ការ​លើកឡើង​របស់​លោក Donald Trump ថា​អាច​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ឱ្យ​បាន​ឆាប់ ក្រុម​ជំនួយការ​របស់​លោក Zelenskyy និយាយ​ថា អ៊ុយក្រែន​នៅ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​នៅឡើយ​ក្នុង​ការ​សម្រុះសម្រួល​ជាមួយ​រុស្ស៊ី ហើយ​មិន​អាច​បោះបង់​ទឹកដី​របស់​ខ្លួន​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​បាន​ទេ។ លោក Andriy Yermak ប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា ទីក្រុង​គៀវ នឹង​ស្តាប់​យោបល់​ណា​មួយ​ដែល​នាំ​ទៅ​សម្រេច​បាន​សន្តិភាព​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី ប៉ុន្តែ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​សម្រុះសម្រួល​ដើម្បី​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​នៅឡើយ​ទេ។ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​អ៊ុយក្រែន នឹង​ធ្វើ​របៀប​ណា​ប្រសិនបើ​លោក Trump ត្រឡប់​មក​គ្រប់គ្រង​សេតវិមាន​ជា​ថ្មី ហើយ​នឹង​ជា​អ្នក​ដោះស្រាយ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន? លោក Yermak បាន​ថ្លែង​ថា គេ​ត្រូវ​រង់ចាំ​មើល​សិន គឺ​ចាំ​រហូត​សហរដ្ឋ​អាមេរិក​ឆ្លងកាត់​ការ​បោះឆ្នោត​ជា​មុន​សិន។ ដំណើរ​ទស្សនកិច្ច​របស់​លោក Yermak ប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន នៅ​សហរដ្ឋ​អាមេរិក កើត​មាន​ឡើង​មុន​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណាតូ នៅ​សប្តាហ៍​ក្រោយ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​គេ​រំពឹង​ថា សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន នឹង​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​ចំពោះ​មុខ​មេដឹកនាំ​ក្រុម​ប្រទេស​ណាតូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស